ចាប់បានហើយ! ជនសង្ស័យប្លន់ម៉ូតូនៅស្រុកសាមគ្គីមុនីជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ចាប់បានហើយ! ជនសង្ស័យប្លន់ម៉ូតូនៅស្រុកសាមគ្គីមុនីជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋាន ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចកាលពីពេលថ្មីៗនេះ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅចំណុចផ្លូវលំក្នុងភូមិត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ខណៈដែលជនសង្ស័យរូបនេះកំពុងព្យាយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។ ជនសង្ស័យខាងលើមានឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាបន្ត។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក បានឱ្យដឹងថា កាលពីវេលាម៉ោង ២២:៣០នាទី ជនសង្ស័យរូបនេះបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ស្ពឺ 1T-7189 រួមទាំងទូរសព្ទដៃមួយគ្រឿងពីយុវជនរងគ្រោះឈ្មោះ លឹម ណារីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ករណីប្លន់នេះបានកើតឡើងនៅចំណុចផ្លូវកៅស៊ូលេខ១kS២ ស្ថិតនៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ក្រោយពេលប្លន់បានសម្រេច ជនសង្ស័យបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនភ្លាមៗ។

ក្រោយទទួលបានព័ត៌មានពីហេតុការណ៍ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ បានចេញប្រតិបត្តិការតាមប្រមាញ់ រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានយ៉ាងឆាប់រហ័សតែម្ដង។

administrator

Related Articles