អយុធ្យាលិចលង់ធ្ងន់មិនធ្លាប់មាន! មូលហេតុអ្វីបានជាប្រាសាទបុរាណប្រឈមនឹងគ្រោះថ្នាក់?

អយុធ្យាលិចលង់ធ្ងន់មិនធ្លាប់មាន! មូលហេតុអ្វីបានជាប្រាសាទបុរាណប្រឈមនឹងគ្រោះថ្នាក់?

ខេត្តអយុធ្យា ដែលជាអតីតរាជធានីដ៏ចំណាស់មួយរបស់ថៃ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថានភាពទឹកជំនន់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់លំនៅឋានជិត ៦០,០០០ ខ្នង នៅក្នុង ១១ ស្រុក ក៏ដូចជាបានគំរាមកំហែងដល់ប្រាសាទបុរាណជាច្រើន ដែលជាបេតិកភណ្ឌពិភពលោក។

កាលពីសប្តាហ៍មុន ប្រាសាទបុរាណ Choeng Tha ដែលត្រូវបានសាងសង់តាំងពីសម័យអយុធ្យា និងជាទីតាំងបុរាណវិទ្យាដ៏សំខាន់មួយ បានលិចលង់ក្នុងទឹកជម្រៅប្រមាណមួយម៉ែត្ររួចទៅហើយ។ បច្ចុប្បន្ន កម្រិតទឹកបានបន្តកើនឡើងយ៉ាងគំហុក បន្ទាប់ពីទំនប់ចៅប្រាយ៉ា បានបង្ខំចិត្តបញ្ចេញទឹកក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ឈានដល់ ២,៩០០ ម៉ែត្រគូបក្នុងមួយវិនាទី ដើម្បីកាត់បន្ថយសម្ពាធ។

ឆ្នាំនេះ ប្រទេសថៃទាំងមូលបានទទួលរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់ បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតាមបណ្តាខេត្តជាច្រើន។ ខេត្តអយុធ្យា បានក្លាយជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេ ដោយសារតែបរិមាណទឹកភ្លៀងដែលមិនធ្លាប់មានពីមុនមក ពិសេសគឺឥទ្ធិពលនៃព្យុះ Kalmaegi ជាច្រើន បានធ្វើឲ្យកម្រិតទឹកនៅក្នុងទំនប់ចៅប្រាយ៉ាឡើងដល់កម្រិតប្រកាសអាសន្ន។ នេះហើយជាមូលហេតុដែលអាជ្ញាធរត្រូវបង្ខំចិត្តបញ្ចេញទឹកជាបន្ទាន់ ដើម្បីការពារកុំឱ្យទំនប់បាក់ធ្លាយ។

ការសម្រេចចិត្តបញ្ចេញទឹកយ៉ាងគំហុកនេះ បានធ្វើឲ្យកម្រិតទឹកនៅក្នុងទន្លេចៅប្រាយ៉ា និងទន្លេណយ ឡើងខ្ពស់ហួសពីសមត្ថភាពផ្ទុក បណ្តាលឲ្យទឹកហូរជន់លិចចូលទៅក្នុងតំបន់ទំនាប និងជាពិសេសគឺជុំវិញបរិវេណប្រាសាទបុរាណនានានៅខេត្តអយុធ្យា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងខេត្តអយុធ្យាជាច្រើនបានសម្តែងការមិនពេញចិត្ត និងបន្ទោសទៅលើនាយកដ្ឋានធារាសាស្ត្ររាជ្យ ដែលពួកគេជឿថាបានបង្វែរទឹកពីទំនប់ចៅប្រាយ៉ា ពីតំបន់ឧស្សាហកម្មមួយចំនួន មកកាន់តំបន់កសិកម្ម និងលំនៅឋានរបស់ពួកគេវិញ ដែលធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ។

administrator

Related Articles