ក្រឡេកមើលទៅមុខ! ទំនាក់ទំនងសេដ្ឋកិច្ចឌីជីថលរវាងកម្ពុជា និងសិង្ហបុរី កំពុងឈានដល់ដំណាក់កាលថ្មីមួយ តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនដោយប្រើប្រាស់ QR Code។ នេះជាការភ្ជាប់ប្រព័ន្ធ RoamQR របស់ក្រុមហ៊ុន Liquid Group ជាមួយប្រព័ន្ធបាគងរបស់កម្ពុជា ដែលជាការរួមចំណែកដ៏ធំធេងដល់ការពង្រឹងវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន។
ពិធីសម្ពោធដ៏មហោឡារឹកនេះ បានប្រព្រឹត្តទៅនៅក្នុងមហាសន្និបាតបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ (Singapore Fintech Festival 2025) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយលោក Sopnendu Mohanty នាយកប្រតិបត្តិក្រុមហ៊ុននៃបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃស្ថាប័នធំៗមួយចំនួនទៀតដូចជា ធនាគារជាតិនៃកម្ពុជា, ក្រុមហ៊ុន Liquid Group, ធនាគារអេស៊ីលីដា និងធនាគារហ្វីលីពផងដែរ។
ក្នុងដំណាក់កាលដំបូង ធនាគារដៃគូសហការពីរគឺ ធនាគារអេស៊ីលីដា និងធនាគារហ្វីលីព នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍កម្ពុជា អាចធ្វើការទូទាត់ប្រាក់នៅប្រទេសសិង្ហបុរីបានយ៉ាងងាយស្រួល។ គ្រាន់តែស្កេន RoamQR Code របស់អាជីវករសិង្ហបុរី តាមរយៈកម្មវិធីបាគងដែលភ្ជាប់ជាមួយគណនីប្រាក់រៀលខ្មែរ នោះការទូទាត់នឹងរួចរាល់ភ្លាមៗ។
ចំណែកឯនៅដំណាក់កាលបន្ទាប់ទៀត ការសហការដ៏ល្អនេះ ក៏នឹងពង្រីកលទ្ធភាពឱ្យអ្នកប្រើប្រាស់ និងភ្ញៀវទេសចរសិង្ហបុរី អាចធ្វើការទូទាត់ដោយស្កេន KHQR នៅកម្ពុជាបានផងដែរ។ ពួកគេអាចទូទាត់ផ្ទាល់តាមរយៈកម្មវិធីទូទាត់ប្រាក់ដែលខ្លួនពេញចិត្ត ដែលនឹងជំរុញឱ្យប្រព័ន្ធអេកូឡូស៊ីទូទាត់ឌីជីថលរបស់ប្រទេសទាំងពីរ កាន់តែមានភាពរួមបញ្ចូល និងអាចធ្វើអន្តរកម្មជាមួយគ្នាបានយ៉ាងរលូន។
តាមរយៈការពង្រីកបណ្តាញឌីជីថលដែលមានសុវត្ថិភាពខ្ពស់ដូចជាប្រព័ន្ធបាគងនេះ ធនាគារជាតិនៃកម្ពុជាកំពុងពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះការទូទាត់ឌីជីថល ព្រមទាំងលើកកម្ពស់តម្លាភាព និងបរិយាបន្នផ្នែកហិរញ្ញវត្ថុនៅក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។
លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺជាការបោះជំហានទៅមុខមួយទៀត ឆ្ពោះទៅរកការពង្រីកសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ។ ការដាក់ឱ្យដំណើរការនេះ គឺជាសមិទ្ធផលបន្តពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនវានុវត្តន៍នៃការទូទាត់ឌីជីថល បន្ទាប់ពីយើងបានតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែនប្រកបដោយជោគជ័យជាមួយប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន និងជប៉ុនរួចមកហើយ។ ឥឡូវនេះ យើងកំពុងពង្រីកការតភ្ជាប់នេះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសេដ្ឋកិច្ចជាតិរបស់យើង។ យើងកំពុងបោះជំហានរួមគ្នាដ៏សំខាន់មួយ ឆ្ពោះទៅរកការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលកាន់តែទូលំទូលាយពាសពេញអាស៊ាន និងទៅមុខទៀត»។
ជាមួយគ្នានោះ លោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ក៏បានបញ្ជាក់ដែរថា៖ «កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធបាគងនេះ ពិតជាបានឆ្លុះបញ្ចាំងពីគោលដៅរួមរបស់យើងក្នុងការបង្កើនវិសាលភាពនៃ RoamQR ព្រមទាំងធានានូវប្រតិបត្តិការទូទាត់ឆ្លងដែនប្រកបដោយសុវត្ថិភាពខ្ពស់»។
