រ៉ូយ៉ាល់ គ្រុប ចាប់ដៃក្រសួងការងារ ពង្រឹងកម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

រ៉ូយ៉ាល់ គ្រុប ចាប់ដៃក្រសួងការងារ ពង្រឹងកម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលគេស្គាល់ថាជាបណ្ដុំក្រុមហ៊ុនវិនិយោគខ្នាតធំ និងនាំមុខគេនៅកម្ពុជា បានប្រកាសចាប់ដៃគូជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារៈសំខាន់មួយ។ កិច្ចសហការនេះមានគោលដៅច្បាស់លាស់ គឺដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនទូទៅ និងពង្រីកឱកាសការងារជូនប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង។

ពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះ បានធ្វើឡើងយ៉ាងឱឡារិកនៅអគារធនាគារ វីង ថៅវើ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ នេះមិនមែនត្រឹមតែជាការចុះហត្ថលេខានោះទេ តែជាការប្ដេជ្ញាចិត្តរួមគ្នាក្នុងការកសាងសមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែរឹងមាំ តាមរយៈការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងចក្ខុវិស័យរបស់រដ្ឋាភិបាល និងគំនិតច្នៃប្រឌិតពីវិស័យឯកជន។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហការនេះថា៖ «ភាពជាដៃគូនេះបានបង្ហាញឱ្យឃើញថា វិស័យឯកជនពិតជាមានតួនាទីមិនអាចខ្វះបានក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ និងអាចសម្របខ្លួនតាមតម្រូវការទីផ្សារការងារ។ តាមរយៈការធ្វើការរួមគ្នា យើងមិនត្រឹមតែបំពេញតម្រូវការបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងកំពុងពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏ត្រចះត្រចង់របស់កម្ពុជាទៀតផង»។

កិច្ចសហការនេះកើតឡើងចំពេលសេដ្ឋកិច្ចកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ។ ថ្វីត្បិតតែកំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាព ប៉ុន្តែកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការរំខានពាណិជ្ជកម្មក្នុងតំបន់ និងការប្រកួតប្រជែងជាសកល រួមទាំងបរិវត្តកម្មឌីជីថលដ៏ឆាប់រហ័សដែលកំពុងផ្លាស់ប្ដូរទីផ្សារការងារក្នុងតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះក៏ជាឱកាសមាសសម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលជំនាញថ្មីៗ ជំរុញការច្នៃប្រឌិត និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលនឹងជួយកម្ពុជាឱ្យកាន់តែរឹងមាំ ទាក់ទាញការវិនិយោគបរទេស និងពង្រឹងសមត្ថភាពកម្លាំងពលកម្មឱ្យអាចប្រកួតប្រជែងបានទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ភាពជាដៃគូនេះគឺការបើកទំព័រថ្មីមួយនៃកិច្ចសហការដ៏គំរូ រវាងវិស័យឯកជន និងរដ្ឋ។ លោកបានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់យើងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ តែសំខាន់ជាងនេះ គឺយើងរួមគ្នាដើម្បីកសាងអនាគតកម្ពុជាឱ្យកាន់តែភ្លឺស្វាង។ តាមរយៈការបង្រួបបង្រួមភាពខ្លាំងរបស់រដ្ឋ និងឯកជន យើងកំពុងវិនិយោគលើធនធានមនុស្ស បំពាក់ជំនាញសំខាន់ៗ និងមធ្យោបាយចាំបាច់ ដើម្បីធានាជោគជ័យក្នុងយុគសម័យឌីជីថល និងជំរុញប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយបរិយាបន្នពិតប្រាកដ»។

តាមរយៈអនុស្សរណៈនៃការយោគយល់ (MoU) នេះ ស្ថាប័នទាំងពីរនឹងរួមគ្នាជំរុញសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ ទី១. លើកកម្ពស់កិច្ចសហការរវាងរដ្ឋ និងឯកជនឱ្យកាន់តែមានប្រសិទ្ធភាព, ទី២. ជំរុញបរិយាបន្នហិរញ្ញវត្ថុ, ទី៣. បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងទី៤. កែលម្អប្រព័ន្ធអប់រំសម្រាប់ការអភិវឌ្ឍកម្លាំងពលកម្ម។ គោលដៅរួម គឺដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយសមត្ថភាព ភាពបត់បែន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។ គំនិតផ្ដួចផ្ដើមនេះ ក៏ស្របទៅនឹងចក្ខុវិស័យរបស់ រ៉ូយ៉ាល់ គ្រុប ក្នុងការប្រែក្លាយការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់វឌ្ឍនភាពជាតិ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងសហការយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឱ្យស្របទៅនឹងតម្រូវការទីផ្សារ ពិសេសក្នុងវិស័យគន្លឹះដូចជា៖ ហិរញ្ញវត្ថុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ ថាមពល និងបដិសណ្ឋារកិច្ច។ នេះគឺដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០។ លើសពីនេះ រ៉ូយ៉ាល់ គ្រុប ក៏នឹងគាំទ្រការបណ្ដុះបណ្ដាលគ្រូបង្គោល ពង្រឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងផ្ដល់ជំនួយលើជំនាញឌីជីថលសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា Cloud ការវិភាគទិន្នន័យ រ៉ូបូត និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដែលទាំងអស់នេះស្របនឹងគោលដៅឌីជីថលរបស់កម្ពុជា។

ដើម្បីពង្រឹងបទពិសោធន៍ជាក់ស្ដែង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងដាក់ចេញកម្មវិធីហ្វឹកហ្វឺនបែប «រៀនផង ធ្វើការផង» ដែលរៀបចំឡើងយ៉ាងច្បាស់លាស់ ដោយបញ្ចូលការសិក្សាក្នុងថ្នាក់ជាមួយនឹងការអនុវត្តផ្ទាល់នៅកន្លែងធ្វើការ។ កម្មវិធីនេះក៏នឹងមានការណែនាំត្រឹមត្រូវ និងផ្ដល់វិញ្ញាបនបត្រដែលទទួលស្គាល់តាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF)។ ស្របគ្នានេះ គំនិតផ្ដួចផ្ដើមដូចជា ការធ្វើតេស្តវាយតម្លៃសមត្ថភាព (RPL) នឹងផ្ដល់ឱកាសឱ្យកម្មករនិយោជិតអាចទទួលស្គាល់ជំនាញរបស់ខ្លួនជាផ្លូវការ ដែលជាការជំរុញឱ្យអាជីពការងាររបស់ពួកគេកាន់តែរីកចម្រើន។

លើសពីនេះ ភាពជាដៃគូនេះក៏នឹងបង្កើតវិធីសាស្រ្តជាក់ស្ដែងក្នុងការគ្រប់គ្រងដំណើរការការងារ ចាប់ពីការជ្រើសរើសបុគ្គលិក ការផ្គូផ្គងការងារ រហូតដល់ការបង្កើតកម្មវិធីអាជីពការងារប្រកបដោយបរិយាបន្ន រួមទាំងការផ្ដល់ឱកាសការងារជូនក្រុមងាយរងគ្រោះផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចូលរួមគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈបច្ចេកទេស សម្រាប់រៀបចំព្រឹត្តិការណ៍ការងារ ការផ្សព្វផ្សាយឌីជីថល និងការបណ្ដុះបណ្ដាល ដើម្បីធានាថាឱកាសការងារទាំងអស់អាចទៅដល់មនុស្សគ្រប់រូប ត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងប្រកបដោយនិរន្តរភាព។ ស្ថាប័នទាំងពីរក៏នឹងខិតខំលើកកម្ពស់ការយល់ដឹងអំពីយន្តការដោះស្រាយវិវាទការងារ និងពង្រឹងសមត្ថភាពតំណាងកម្មករនិយោជិត ដើម្បីជំរុញកិច្ចសន្ទនាសង្គមប្រកបដោយភាពស្ថាបនា និងរក្សាបាននូវទំនាក់ទំនងការងារចុះសម្រុងគ្នា។

មិនត្រឹមតែត្រៀមលក្ខណៈសម្រាប់កម្លាំងពលកម្មប៉ុណ្ណោះទេ កិច្ចសហការនេះក៏គ្របដណ្ដប់លើវិស័យគាំពារសង្គម និងបច្ចេកវិទ្យាឌីជីថលប្រកបដោយបរិយាបន្នផងដែរ។ នេះធ្វើឡើងតាមរយៈការរៀបចំប្រព័ន្ធ ប.ស.ស. (NSSF) ឱ្យកាន់តែទំនើប ដោយប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដែលមានសុវត្ថិភាព និងរហ័ស ដែលនឹងធ្វើឱ្យការទូទាត់សម្រាប់សមាជិក អ្នកផ្ដល់សេវាសុខាភិបាល និងសិស្សានុសិស្ស កាន់តែមានភាពងាយស្រួល។ ការងារនេះក៏នឹងត្រូវបានពង្រីកតាមរយៈយុទ្ធនាការអប់រំសាធារណៈ ដើម្បីពង្រីកវិសាលភាពនៃការធានារ៉ាប់រងសន្តិសុខសង្គម និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលទូទាំងប្រទេស។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះឈានមុខគេនៅកម្ពុជា ជាមួយនឹងវិស័យសំខាន់ៗដូចជា ទូរគមនាគមន៍ ធនាគារ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងអចលនទ្រព្យជាដើម បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍជាតិអស់រយៈពេលជាយូរមកហើយ។ អនុស្សរណៈនៃការយោគយល់នេះ បានបញ្ជាក់បន្ថែមនូវការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការច្នៃប្រឌិតថ្មី ឱកាសល្អៗ និងភាពជាដៃគូដែលនាំមកនូវវឌ្ឍនភាពដ៏ត្រចះត្រចង់សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល៕

administrator

Related Articles