យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា កន្លងទៅនេះ បានឲ្យដឹងថា ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានគេបោកប្រាស់អស់ប្រាក់រហូតដល់ទៅ ៤,០០០ អឺរ៉ូ (ប្រមាណជា ១៤០,០០០ បាត ឬ ៤,៣២០ ដុល្លារអាមេរិក) បន្ទាប់ពីលោកត្រូវបានជនខិលខូចបោកបញ្ឆោតឲ្យទិញប្រេងដូង នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ។

ជនរងគ្រោះមានឈ្មោះ Nadir Altaf អាយុ ៥២ ឆ្នាំ បានរៀបរាប់ថា មានបុរសបរទេសម្នាក់ (គេជឿថាមានដើមកំណើតនៅមជ្ឈិមបូព៌ា) បានចូលមកជិតលោក ហើយព្យាយាមបញ្ចុះបញ្ចូលឲ្យលោកទិញប្រេងដូង ដែលគេអះអាងថាអាចជួយជំរុញការលូតលាស់សក់។ បុរសម្នាក់នោះបានប្រាប់ថា ប្រេងដូងចំនួន ៥ ដប មានតម្លៃ «៤,០០០» ដែលលោក Nadir យល់ច្រឡំថាជា ៤,០០០ បាត មិនមែន ៤,០០០ អឺរ៉ូទេ។ បន្ទាប់ពីបានបង់ប្រាក់តាមរយៈកាតឥណទាន លោកទើបដឹងថា លោកត្រូវបានគេគិតប្រាក់ចំនួន ៤,០០០ អឺរ៉ូ។

ក្រោយកើតហេតុ លោក Nadir បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលក្រុងប៉ាតាយ៉ា។ តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ូលិសក្រុងប៉ាតាយ៉ា បានឲ្យដឹងថា ការបោកប្រាស់ក្នុងទម្រង់បែបនេះ គឺជារឿងធម្មតាទៅហើយនៅក្នុងតំបន់ទេសចរណ៍ ហើយជារឿយៗវាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះទីក្រុងយ៉ាងខ្លាំង។ ពេលនេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ និងស្វែងរកប្រាក់របស់ជនរងគ្រោះមកវិញ។

ករណីនេះបានបង្ហាញពីបញ្ហាដែលកំពុងតែកើនឡើងនៅក្នុងទីក្រុងប៉ាតាយ៉ា ដែលភ្ញៀវទេសចរតែងតែក្លាយជាជនរងគ្រោះនៃការបោកប្រាស់ រួមទាំងការកក់សណ្ឋាគារក្លែងក្លាយ ដែលធ្វើឲ្យភ្ញៀវទេសចរខាតបង់ប្រាក់រាប់រយរាប់ពាន់បាត។ ក្នុងករណីខ្លះ អ្នកលក់ផលិតផលសម្រកទម្ងន់ ឬផលិតផលបណ្តុះសក់ បានបោកប្រាស់ទេសចរដោយបង្ខំឲ្យទិញទំនិញ និងការលួចឆក់ហោប៉ៅនៅក្នុងតំបន់ទេសចរណ៍ដ៏មមាញឹកផងដែរ។

ទោះបីជាអាជ្ញាធរមូលដ្ឋានថៃ បានធ្វើការចាប់ខ្លួនក្នុងករណីស្រដៀងគ្នានេះជាច្រើនលើករួចមកហើយក្តី ក៏ប៉ូលិសនៅតែព្រមានថា ការបោកប្រាស់បែបនេះនៅតែបន្តកើតមាន។ ភ្ញៀវទេសចរដែលទៅលេងប៉ាតាយ៉ា ត្រូវបានណែនាំឲ្យបញ្ជាក់តម្លៃឲ្យច្បាស់លាស់ ផ្ទៀងផ្ទាត់ការកក់ទុកតាមរយៈប្រភពដែលអាចទុកចិត្តបាន និងប្រុងប្រយ័ត្នចំពោះការផ្តល់ជូនដែលហាក់ដូចជាល្អពេកមិនគួរឲ្យជឿ ជាពិសេសនៅក្នុងតំបន់ទេសចរណ៍ដែលមានមនុស្សច្រើនកុះករ។
