វិស័យទេសចរណ៍ថៃបារម្ភធ្ងន់! ច្បាប់ហាមផឹកស្រាថ្មី អាចបំផ្លាញភ្ញៀវជាតិ-អន្តរជាតិ

វិស័យទេសចរណ៍ថៃបារម្ភធ្ងន់! ច្បាប់ហាមផឹកស្រាថ្មី អាចបំផ្លាញភ្ញៀវជាតិ-អន្តរជាតិ

ក្រុមតំណាងអាជីវកម្មថៃ ក្នុងវិស័យទេសចរណ៍ និងសេវាកម្ម បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះច្បាប់គ្រប់គ្រងគ្រឿងស្រវឹងថ្មី ដែលពួកគេអះអាងថា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេស។ កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា កន្លងទៅ ពួកគេបានជួបប្រជុំគ្នានៅវិមានរដ្ឋាភិបាល ដើម្បីដាក់ញត្តិទៅកាន់លោក អានុទីន ឆាន់វីរៈគុន នាយករដ្ឋមន្ត្រីថៃ ស្នើសុំឱ្យពិនិត្យមើលឡើងវិញលើច្បាប់ដ៏ចម្រូងចម្រាសនេះ។

ច្បាប់ដ៏តឹងរ៉ឹងនេះ បានចាប់ផ្ដើមអនុវត្តជាផ្លូវការកាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ដោយហាមឃាត់ការលក់ និងការផឹកគ្រឿងស្រវឹង ចាប់ពីពាក់កណ្ដាលអធ្រាត្រដល់ម៉ោង ១១ ព្រឹក និងចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៥ ល្ងាច។ ជនណាដែលបំពានច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១០ ០០០ បាត ឬប្រមាណ ៣០៨ ដុល្លារអាមេរិក។

ក្រុមតំណាងអាជីវកម្មទាំងនេះ ត្រូវបានដឹកនាំដោយលោក សាំងហ្គា រួងវ៉ាត់ថាណាកុល (Sanga Ruangwattanakul) ប្រធានសមាគមអាជីវកម្មផ្លូវខៅសាន (Khaosan) រួមជាមួយសមាជិកសំខាន់ៗជាច្រើនរូបទៀត មកពីក្លឹបអាជីវកម្មភោជនីយដ្ឋាន សមាគមអាជីវកម្មស្រាបៀរផលិតដោយដៃ សមាគមអ្នកលក់រាយថៃ ព្រមទាំងក្រុមទេសចរណ៍មកពីតំបន់ទេសចរណ៍ល្បីៗដូចជា ប៉ាតាយ៉ា និងខៅយ៉ៃ។

ពួកគេបានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល ឱ្យលុបចោលបទប្បញ្ញត្តិដែលហាមឃាត់ការផឹកស្រានៅក្រៅម៉ោងអនុញ្ញាត ទោះបីជាស្រានោះត្រូវបានទិញមុនម៉ោងហាមឃាត់ក៏ដោយ។ ម្ចាស់អាជីវកម្មបានលើកឡើងថា ច្បាប់ដែលមិនច្បាស់លាស់នេះ បង្កឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំង ចំពោះទាំងអតិថិជន និងអ្នកប្រកបអាជីវកម្ម ជាពិសេសនៅពេលដែលភ្ញៀវបន្តផឹកក្រោយម៉ោងហាមឃាត់ការលក់។

លោក សាំងហ្គា បានស្នើជាពិសេស ឱ្យរដ្ឋាភិបាលដកចេញនូវការហាមឃាត់ការលក់ និងផឹកស្រាចាប់ពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច និងបន្ថែមម៉ោងអនុញ្ញាតឱ្យផឹកបានរហូតដល់ម៉ោង ១ ព្រឹក។ លោកជឿជាក់ថា ការកែប្រែនេះ នឹងជួយទ្រទ្រង់វិស័យកម្សាន្តពេលរាត្រី និងជំរុញវិស័យទេសចរណ៍ថៃឱ្យកាន់តែរីកចម្រើន ពិសេសក្នុងរដូវកាលទេសចរណ៍ខាងមុខនេះ។

ចំណែកលោក សូរ៉ាថេប រ៉ូចផតចាណារូច (Sorathep Rojpotjanaruch) ប្រធានក្លឹបអាជីវកម្មភោជនីយដ្ឋាន បានបន្ថែមថា ច្បាប់ថ្មីនេះអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក្នុងក្រសែភ្នែកភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិអឺរ៉ុប ដែលនិយមទទួលទានគ្រឿងស្រវឹងនៅពេលរសៀល និងពេលល្ងាច។ លោកបានបញ្ជាក់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានចាប់ផ្ដើមចុះផ្សាយព័ត៌មានអំពីការហាមឃាត់នេះរួចទៅហើយ ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរស្ទាក់ស្ទើរមិនចង់មកលេងប្រទេសថៃ។

ស្របគ្នានេះដែរ លោក ណាត់ថាឆៃ អ៊ុងស្រីវង្ស (Nattachai Ungsriwong) ប្រធានសមាគមអាជីវកម្មស្រាបៀរផលិតដោយដៃ បានជំរុញឱ្យរដ្ឋាភិបាលរកដំណោះស្រាយជាបន្ទាន់ មុនចូលឆ្នាំថ្មីមកដល់។ លោកបានស្នើថា គោលនយោបាយស្ដីពីគ្រឿងស្រវឹង គួរតែគិតគូរពីការជំរុញសេដ្ឋកិច្ចផង និងរក្សាការទទួលខុសត្រូវសង្គមផង។

ជុំវិញក្ដីបារម្ភនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី អានុទីន បានបញ្ជាឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងស្រវឹង រៀបចំសំណើដំណោះស្រាយជាបន្ទាន់។ ក្នុងចំណោមជម្រើសដែលកំពុងត្រូវបានពិចារណា រួមមានការលុបចោលការហាមឃាត់ការលក់ស្រានៅពេលថ្ងៃ និងការអនុញ្ញាតឱ្យមានការលក់ និងផឹកគ្រឿងស្រវឹងក្រោយពាក់កណ្ដាលអធ្រាត្រ នៅតាមតំបន់ទេសចរណ៍មួយចំនួនផងដែរ។

administrator

Related Articles