លោក ឃ្លាំង ហួត ចុះដោះស្រាយបញ្ហាធុងបាស់រំខាន និងអាជីវកម្មពេលយប់ នៅជ្រោយចង្វារ

លោក ឃ្លាំង ហួត ចុះដោះស្រាយបញ្ហាធុងបាស់រំខាន និងអាជីវកម្មពេលយប់ នៅជ្រោយចង្វារ

(ភ្នំពេញ)៖ ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋពីររូបបានលើកឡើងពីបញ្ហាចម្បងៗជូនថ្នាក់ដឹកនាំ។ បញ្ហានោះរួមមាន ការបង្កសំឡេងរំខានខ្លាំងពីការចាក់ធុងបាស់របស់អ្នកលក់ដូរភេសជ្ជៈពេលរាត្រី និងសំណូមពរជួសជុលផ្លូវមួយខ្សែក្នុងសង្កាត់ព្រែកតាសេក។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ចំពោះសំណូមពរទាំងពីរនេះ លោក ឃ្លាំង ហួត បានឆ្លើយតបភ្លាមៗ។ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រីដែលបង្កសំឡេងរំខានដោយការចាក់ធុងបាស់ដល់កណ្ដាលអាធ្រាត្រ លោកបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានចុះទៅអប់រំ និងមិនត្រូវឲ្យមានការរំខានបែបនេះតទៅទៀតទេ។ លោកក៏បានសង្កត់ធ្ងន់ថា អាជីវករទាំងអស់ត្រូវប្រកបរបរដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ លោកក៏បានដាស់តឿនដល់អាជ្ញាធរក្នុងនាមជាអាណាព្យាបាលរបស់ពលរដ្ឋ មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវករនោះដែរ។

លោកអភិបាលរងក៏បានបញ្ជាក់ដែរថា ចំពោះផ្លូវមួយខ្សែក្នុងសង្កាត់ព្រែកតាសេកដែលពលរដ្ឋស្នើសុំជួសជុល គឺស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន។ លោកសន្យាជំរុញដល់ក្រុមហ៊ុនឯកជននោះឲ្យមានវិធានការជួសជុលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ឃ្លាំង ហួត បានកត់សម្គាល់ពីការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកថា ខណ្ឌមួយនេះបានប្រែក្លាយពីអតីតជាដីទឹកលិចគ្មានផ្លូវ មកជាខណ្ឌមួយដែលមានការអភិវឌ្ឍរីកចម្រើន និងមានផ្លូវថ្នល់ខ្វាត់ខ្វែង។

ថ្លែងក្នុងឱកាសនោះដែរ លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺផ្តល់ឱកាសឲ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាពក្នុងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។

សរុបមក វេទិកាសាធារណៈនេះបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅពិចារណា កែលម្អ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ ឆ្លើយតបតាមតម្រូវការជាក់ស្តែង។
ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles