ក្រសួងធនធានទឹក៖ ព្យុះហ្វូងវង់ ប៉ះពាល់តិចតួច! ភ្លៀងអាចធ្លាក់ ១០% នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា

ក្រសួងធនធានទឹក៖ ព្យុះហ្វូងវង់ ប៉ះពាល់តិចតួច! ភ្លៀងអាចធ្លាក់ ១០% នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយព្យាករណ៍ថា ភ្លៀងអាចនឹងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០% នៅទូទាំងប្រទេស រួមទាំងរាជធានីភ្នំពេញផងដែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងដដែល ព្យុះទី២៦ ឈ្មោះ «ហ្វូងវង់» (Fung-wong) T2526 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះឡើយ ដូច្នេះផលប៉ះពាល់មានកម្រិតតិចតួចប៉ុណ្ណោះ។

ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖
* សីតុណ្ហភាពអប្បបរមាជាមធ្យម ២១°C និងអតិបរមា ៣០°C។
* ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* បណ្តាខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។

២. តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរមាជាមធ្យម ២១°C និងអតិបរមា ២៩°C។
* ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។
* បណ្តាខេត្តដូចជា កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០% ផងដែរ។

៣. តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាជាមធ្យម ២១°C និងអតិបរមា ៣០°C។
* ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
* ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
* រលកសមុទ្រនឹងមានកម្ពស់ជាមធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,៥០ ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមបង្ការទុកជាមុន។

administrator

Related Articles