ថៃប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព! ម៉ាឡេស៊ី និងមេទ័ពប្រតិកម្មភ្លាមៗ ទាមទារឲ្យគោរពកិច្ចព្រមព្រៀងឡើងវិញ

ថៃប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព! ម៉ាឡេស៊ី និងមេទ័ពប្រតិកម្មភ្លាមៗ ទាមទារឲ្យគោរពកិច្ចព្រមព្រៀងឡើងវិញ

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃបានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពេលលោកចុះជួបកងទ័ពនៅសមរភូមិទល់មុខខេត្តព្រះវិហារ ដោយថាប្រទេសថៃលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទៀតហើយ។

តែភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមជាមួយមេទ័ពកំពូលរបស់លោក បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃនេះ ដោយទទូចឲ្យថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញជាបន្ទាន់។ សហគមន៍អន្តរជាតិ ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងត្រូវបានគេរង់ចាំមើលប្រតិកម្ម ចំពោះទង្វើដ៏គឃ្លើនរបស់ប្រទេសថៃបែបនេះ។

ជុំវិញហេតុការណ៍ទាហានថៃជាន់មីន លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ទាហានថៃដែលជាន់មីននោះ គឺមានបំណងរាយលួសបន្លាជាថ្មីនៅលើទឹកដីខ្មែរ។ ប្រភពពីកងទ័ពកម្ពុជាបានឲ្យដឹងបន្ថែមថា ទាហានថៃដែលបានជាន់មីនកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ពិតជាបានចូលមកក្នុងទឹកដីកម្ពុជាជាថ្មីមែន ក្នុងគោលបំណងដើម្បីរាយលួសបន្លានៅតំបន់វាលឥន្ទ្រី ខាងលិចប្រាសាទព្រះវិហារ ដែលជាតំបន់អតីតខ្មែរក្រហមធ្លាប់ឈរជើង។

ទាក់ទងនឹងគ្រាប់មីននេះដែរ ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញថា គ្រាប់មីនដែលទាហានថៃទាំងពីររូបជាន់នោះ គឺជា “មីនចាស់” ដែលនៅសេសសល់តាំងពីទសវត្សរ៍៧០ និង៨០មកម៉្លេះ។ បណ្ឌិត ម៉េង ប៊ៀល អ្នកតាមដានប្រវត្តិជម្លោះព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា ហេតុការណ៍ជាន់មីននេះ គឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ថា ថៃពិតជាបានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយអនុញ្ញាតឲ្យទាហានរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជាជាថ្មី។

លោកបានបន្តទៀតថា “ទាហានថៃអាចបន្តភូតកុហកប្រជាជនថៃបាន តែថៃបានបាត់បង់តម្លៃនៃភាពស៊ីវិល័យជាមនុស្សជាតិនៅតំបន់អាស៊ីទៅហើយ”។

ដោយ ៖ សិលា

administrator

Related Articles