សភានិងប្រទេសជាង ៤៥ អំពាវនាវឲ្យកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះលែងទាហាន ដើម្បីសន្តិភាពយូរអង្វែង!

សភានិងប្រទេសជាង ៤៥ អំពាវនាវឲ្យកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះលែងទាហាន ដើម្បីសន្តិភាពយូរអង្វែង!

**ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន៖** សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលមានសមាជិកជាង ៤៥ ប្រទេស បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់កម្ពុជា និងថៃ ឲ្យគោរព និងអនុវត្តឲ្យបានពេញលេញនូវគោលការណ៍រួមដែលបានព្រមព្រៀង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ស្តារទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែង។ សភានិងប្រទេសទាំងនោះក៏បានជំរុញឲ្យភាគីទាំងពីរដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ជាមួយគ្នានេះ ក៏ស្នើឲ្យមានការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិសុខពេញលេញសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។

រូបភាព

ស្ថាប័ននេះក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឲ្យដោះលែងជាបន្ទាន់នូវយុទ្ធជនកម្ពុជាទាំង ១៨ រូប ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។ ការដោះលែងនេះ នឹងបង្ហាញពីបំណងប្រាថ្នា និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាព ស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ។ លើសពីនេះ ក៏ដើម្បីផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលបង្កើតឡើងក្នុងស្មារតីសមភាព និងសន្តិសហវិជ្ជមាន។

រូបភាព

សន្និសីទប្រធានសភានៃអន្តរសភា (ISC) បានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃសកល ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍សំខាន់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភា ដែលប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី ១១ និង ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិក ISC រួមជាមួយលោក Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ ក៏មានវត្តមានជាកិត្តិយសពីលោក លោកស្រីជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង ៤៥ ប្រទេសផងដែរ។

រូបភាព

ក្នុងឱកាសនោះ សន្និសីទក៏បានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខពិភពលោក ដែលកំពុងប្រឈមនឹងការគំរាមកំហែងពីសង្គ្រាមក្នុងតំបន់ផ្សេងៗ និងគ្រោះមហន្តរាយធម្មជាតិ ដែលបានរារាំងដល់ការអភិវឌ្ឍន៍របស់ប្រទេសជាច្រើន និងពិភពលោកទាំងមូល។

លោក សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងទៅកាន់អង្គសន្និសីទថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជា។ លោកបានរំលឹកពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលយ៉ាងសាហាវអស់ជិត ៣០ ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ នេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពសកលលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ហើយបន្តអនុវត្តយ៉ាងម៉ត់ចត់នូវគោលការណ៍ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។
**ដោយ ៖ សិលា**

administrator

Related Articles