ថៃរងគ្រោះធ្ងន់! ពលរដ្ឋ៦០% ត្រូវចាញ់បោកបាត់លុយជាង ៣,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ

ថៃរងគ្រោះធ្ងន់! ពលរដ្ឋ៦០% ត្រូវចាញ់បោកបាត់លុយជាង ៣,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ

«ថៃ» ប្រទេសជិតខាងមួយនេះ កំពុងប្រឈមនឹងបញ្ហាឆបោកយ៉ាងធ្ងន់ធ្ងរ! របាយការណ៍ថ្មីមួយបានលាតត្រដាងថា ប្រជាពលរដ្ឋថៃរហូតដល់ ៦០% បានក្លាយជាជនរងគ្រោះនៃការបោកប្រាស់ក្នុងឆ្នាំកន្លងទៅនេះ ដែលបណ្តាលឱ្យខាតបង់ទឹកប្រាក់សរុបជាង ១១០ពាន់លានបាត ឬប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strati Time កាលពីថ្ងៃទី១៣ ខែតុលា។ របាយការណ៍ដ៏គួរឱ្យព្រួយបារម្ភនេះ ត្រូវបានចងក្រងដោយមូលនិធិ Global Anti-Scam Alliance (GASA) ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។

របាយការណ៍បានគូសបញ្ជាក់ថា ការដែលមានពលរដ្ឋរហូតដល់ ៦០% ឬស្មើនឹង ៦នាក់ក្នុងចំណោម ១០នាក់ បានធ្លាក់ក្នុងអន្ទាក់បោកប្រាស់ គឺជាតួលេខដ៏ខ្ពស់បំផុតមួយ ដែលមិនត្រឹមតែធ្វើឱ្យប្រជាជនខាតបង់ប្រាក់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងបានជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិថៃទៀតផង។
Fraud
ប្រភពដដែលបានបន្ថែមថា ទម្រង់នៃការបោកប្រាស់ដ៏ពេញនិយមដែលកើតមានចំពោះពលរដ្ឋថៃ រួមមាន៖
១. ការបោកប្រាស់តាមរយៈមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center Scam): ក្រុមឧក្រិដ្ឋជនតែងបន្លំខ្លួនជាមន្ត្រីប៉ូលិស នាយកដ្ឋានស៊ើបអង្កេតពិសេស ឬការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីបង្កើតភាពភ័យខ្លាច និងដាក់សម្ពាធលើជនរងគ្រោះឱ្យផ្ទេរប្រាក់ដើម្បីដោះស្រាយបញ្ហាប្រឌិត។
២. ការបោកប្រាស់តាមប្រព័ន្ធឌីជីថល (Digital Scam): ក្រុមជនខិលខូចទាំងនេះ ធ្វើប្រតិបត្តិការយ៉ាងសកម្មលើគ្រប់វេទិកាឌីជីថល ចាប់ពីបណ្តាញសង្គម រហូតដល់កម្មវិធីណាត់ជួប ហើយបោកបញ្ឆោតជនរងគ្រោះតាមរយៈការវិនិយោគក្លែងក្លាយដែលសន្យាផលចំណេញខ្ពស់ ឬទំនាក់ទំនងស្នេហាក្លែងក្លាយជាដើម។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strati Time

administrator

Related Articles