(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងព័ត៌មានបានចេញផ្សាយថា ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមសិក្សាជំនាញលក់ដូរតាមប្រព័ន្ធអនឡាញ។ ការលើកទឹកចិត្តនេះ ធ្វើឡើងនៅតាមសាលាបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំង ៣៧ របស់ក្រសួង ដែលមាននៅទូទាំងប្រទេស។

ឯកឧត្ដម ហេង សួរ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី ១៣ ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ “គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល”។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួមពីតំណាងអ្នកលក់ដូរតាមដងផ្លូវ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធប្រមាណជាង ២០០ នាក់។
គោលបំណងនៃវេទិកាអន្តរជាតិនេះ គឺដើម្បីបន្តផ្សព្វផ្សាយ និងរំលឹកពីទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ក្នុងបំណងលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះវិជ្ជាជីវៈនេះ។ លើសពីនេះ ក៏ដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមសម្រាប់ពួកគេ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរ និងអ្នកផ្តល់សេវា។ ជាពិសេស វេទិកានេះបានផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវ ចូលរួមពិភាក្សា ចែករំលែកពីស្ថានភាពការងារ បញ្ហាប្រឈម និងលើកសំណូមពរទៅកាន់ភាគីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងការគាំទ្រក្នុងការរៀបចំទិវានេះជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ ២០២៥ នេះ ក្រោមការសហការដ៏ល្អរវាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការអុកស្វាម (OXFAM) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។
ឆ្លើយតបនឹងប្រធានបទដ៏មានសារៈសំខាន់ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្មឌីជីថលបានជ្រាបចូលគ្រប់ផ្នែកនៃសកម្មភាពសេដ្ឋកិច្ច រួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ហេតុនេះហើយ ទើបឯកឧត្ដមជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្លៀតឱកាសទៅរៀនជំនាញលក់អនឡាញនៅតាមសាលាបណ្ដុះបណ្ដាលរបស់ក្រសួងទាំង ៣៧ ។ ឯកឧត្ដមក៏បានលើកឡើងថា ការប្រែប្រួលអាកាសធាតុក៏ជាបញ្ហាប្រឈមសម្រាប់អ្នកលក់ដូរតាមដងផ្លូវដែរ ប៉ុន្តែទន្ទឹមនឹងនោះ ការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅ និងការងារ ក៏ទាមទារឱ្យពួកគេត្រូវផ្លាស់ប្ដូរទៅតាមរបៀបរស់នៅបែបធូរធារជាងមុន បើទោះជាមានការលំបាកខ្លះក៏ពិតមែន ក៏ប៉ុន្តែការលំបាកបច្ចុប្បន្ន ងាយស្រួលជាងប៉ុន្មានឆ្នាំមុនច្រើនណាស់។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនប្រជាពលរដ្ឋ ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបានលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចាប់យកឱកាសចូលសិក្សារៀនសូត្រដើម្បីទទួលបានជំនាញបន្ថែម និងចំណេះដឹងដែលឆ្លើយតបនឹងតម្រូវការសង្គម។ លើសពីនេះ ឯកឧត្ដមក៏បានណែនាំឱ្យអ្នកលក់ដូរតាមដងផ្លូវ ទៅចុះបញ្ជីដើម្បីកំណត់អត្តសញ្ញាណ ដែលនឹងជួយសម្រួលដល់រដ្ឋាភិបាលក្នុងការផ្ដល់ជំនួយឱ្យចំគោលដៅ។

ក្នុងវេទិកាដដែល លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកោតសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គមរបស់រាជរដ្ឋាភិបាល ប៉ុន្តែលោកបានលើកឡើងថា ប្រព័ន្ធទាំងនោះនៅមានកម្រិតក្នុងការអនុវត្តនៅឡើយ។ ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលស្គាល់អ្នកលក់តាមដងផ្លូវថា ជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោកស្រីបន្តថា អ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលខិតខំធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាក ដើម្បីផ្គត់ផ្គង់អាហារ ទំនិញ និងសេវាកម្មទ្រទ្រង់ជាតិ។
