រឿងអាស្រូវពុករលួយ ១០០លានដុល្លារ ធ្វើឲ្យអ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីយុត្តិធម៌

រឿងអាស្រូវពុករលួយ ១០០លានដុល្លារ ធ្វើឲ្យអ៊ុយក្រែនព្យួរតំណែងរដ្ឋមន្ត្រីយុត្តិធម៌

រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុង​គ្រា​សង្គ្រាម កំពុង​រង​ការ​រង្គោះរង្គើ​យ៉ាង​ខ្លាំង បន្ទាប់ពី​អាជ្ញាធរ​បាន​សម្រេច​ព្យួរ​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Herman Halushchenko កាលពី​ថ្ងៃ​ពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការ​ព្យួរ​តំណែង​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ថាមពល ដែល​មាន​តម្លៃ​រហូតដល់ ១០០លាន​ដុល្លារ​អាមេរិក។ រឿងអាស្រូវ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​ទីក្រុង​កៀវ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​ការ​គាំទ្រ​ពី​បណ្ដា​ប្រទេស​លោក​ខាងលិច។

ការិយាល័យ​ជាតិ​ប្រឆាំង​អំពើពុករលួយ​អ៊ុយក្រែន (NABU) រួម​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រឆាំង​អំពើពុករលួយ​ឯកទេស (SAPO) បាន​ចោទប្រកាន់​មនុស្ស​យ៉ាងតិច ៥នាក់ ក្នុង​នោះ​រួមមាន​ទាំង​ទីប្រឹក្សា​របស់​លោក Halushchenko ផង​ដែរ។ លើស​ពី​នេះ ក៏​មាន​ការ​ចោទប្រកាន់​ទៅលើ​លោក Timur Mindich ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ប្រធានាធិបតី Volodymyr Zelenskyy ផង​ដែរ។

លោក Mindich ដែល​ជា​សហកម្មសិទ្ធិករ​ស្ទូឌីយោ​ទូរទស្សន៍​ដែល​ធ្លាប់​ជួយ​លើក​ស្ទួយ​អាជីព​របស់​លោក Zelenskyy មុន​ពេល​លោក​ក្លាយ​ជា​ប្រធានាធិបតី ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​បើក​ដំណើរការ «ការិយាល័យ​សម្ងាត់​មួយ» នៅ​ទីក្រុង​កៀវ។ ការិយាល័យ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​លាង​លុយ​ខុសច្បាប់​ពី​ក្រុមហ៊ុន​ម៉ៅការ ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​គ្រប់គ្រង​ដោយ​រដ្ឋ Energoatom។ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ចោទប្រកាន់​ទៀត​ថា អ្នក​ផ្គត់ផ្គង់​ទាំងនោះ ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​សំណូក​រហូតដល់ ១៥% ដើម្បី​ធានា​ថា​កិច្ចសន្យា​របស់​ពួកគេ​នឹង​ត្រូវ​បាន​ទូទាត់ ឬ​ដើម្បី​រក្សា​ឋានៈ​ជា​អ្នក​ផ្គត់ផ្គង់​របស់​ពួកគេ​បន្ត។

អាជ្ញាធរ​បាន​បញ្ជាក់​ថា ថវិកា​ខុសច្បាប់​ទាំងនោះ​ត្រូវ​បាន​លាង​តាមរយៈ​បណ្ដាញ​របស់​លោក Mindich ដែល​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​គ្រប់គ្រង​ដោយ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​របស់​លោក។ យោង​តាម SAPO លោក Mindich «បាន​គ្រប់គ្រង​លើ​ការ​ប្រមូល ការ​ចែកចាយ និង​ការ​ធ្វើ​ឲ្យ​ស្របច្បាប់​នូវ​មូលនិធិ​ដែល​បាន​មកពី​បទឧក្រិដ្ឋ​ក្នុង​វិស័យ​ថាមពល»។ បច្ចុប្បន្ន​នេះ គេ​ជឿ​ថា​លោក​បាន​រត់​គេច​ចេញពី​ប្រទេស​អ៊ុយក្រែន​បាត់​ទៅ​ហើយ។ Ukrainian officials

សម្រាប់​លោក Halushchenko វិញ ដែល​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល មុន​ពេល​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ត្រូវ​បាន​អាជ្ញាធរ​ឆែកឆេរ​ផ្ទះ និង​ការិយាល័យ។ បន្ទាប់មក លោកស្រី​នាយករដ្ឋមន្ត្រី Yulia Svyrydenko បាន​សម្រេច​ព្យួរ​តំណែង​របស់​លោក​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។

អ្នកវិភាគ លោក Volodymyr Fesenko បាន​ព្រមាន​តាមរយៈ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Liga.net ថា ករណី​នេះ​ប្រៀបដូចជា «គ្រាប់បែក​ពេលវេលា» សម្រាប់​លោក Zelenskyy។ រឿងអាស្រូវ​នេះ​បាន​វាយប្រហារ​ចំ​ភាព​ជឿជាក់​លើ​ការ​សន្យា​ប្រឆាំង​អំពើពុករលួយ និង​ការ​រួបរួម​គ្នា​ក្នុង​សម័យ​សង្គ្រាម​របស់​រដ្ឋាភិបាល​លោក។

បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ក៏​កំពុង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ។ ទាំង​ទីក្រុង​ព្រុចសែល និង​វ៉ាស៊ីនតោន កំពុង​តាមដាន​ករណី​នេះ​យ៉ាង​យកចិត្តទុកដាក់។ មន្ត្រី​សហភាព​អឺរ៉ុប​បាន​ភ្ជាប់​វឌ្ឍនភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​របស់​អ៊ុយក្រែន ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ក៏ដូចជា​ជំនួយ​ហិរញ្ញវត្ថុ​បន្តបន្ទាប់​ផង​ដែរ។

ករណី​នេះ​កាន់តែ​មាន​ភាព​រសើប​ថែមទៀត ដោយសារ​វា​ផ្តោត​លើ​វិស័យ​ថាមពល​របស់​អ៊ុយក្រែន ដែល​ជា​សមរភូមិ​ដ៏​សំខាន់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​ក៏​ជា​គោលដៅ​វាយប្រហារ​ញឹកញាប់​របស់​ទីក្រុង​ម៉ូស្គូ​ផង​ដែរ។

កាលពីមុន សភា​អ៊ុយក្រែន​បាន​ស្ដារ​អំណាច​ពេញលេញ​ដល់ NABU និង SAPO ឡើងវិញ បន្ទាប់ពី​មាន​ការ​តវ៉ា​ជា​សាធារណៈ​ប្រឆាំង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​ស្ថាប័ន​ទាំងនោះ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។ ជំហាន​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុងចំណោម​ដៃគូ​លោក​ខាងលិច។

មន្ត្រី​នៅ​ទីក្រុង​កៀវ​បាន​លើកឡើង​ថា ការ​ស៊ើបអង្កេត​ចុងក្រោយ​នេះ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​អ៊ុយក្រែន​ចំពោះ​តម្លាភាព ទោះបីជា​ស្ថិត​ក្នុង​សម័យ​សង្គ្រាម​ក៏ដោយ។ ប៉ុន្តែ​អ្នកវិភាគ​បាន​ព្រមាន​ថា សញ្ញា​នៃ​ការ​ជ្រៀតជ្រែក​នយោបាយ ឬ​ការ​បន្ធូរបន្ថយ​ណាមួយ អាច​បំផ្លាញ​ទំនុកចិត្ត​ពី​លោក​ខាងលិច ខណៈ​ដែល​អ៊ុយក្រែន​កំពុង​ស្វែងរក​ការ​រក្សា​ការ​គាំទ្រ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ជា​បន្ត។

administrator

Related Articles