ព័ត៌មានថ្មីៗពីការិយាល័យស្ថិតិជាតិ (NSO) នៃក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហាញថា ប្រទេសវៀតណាមបានបន្តរក្សាបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយសម្រេចបានអតិរេកពាណិជ្ជកម្មសរុប ១៩,៥៦ ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំនេះ។ សមិទ្ធផលនេះត្រូវបានជំរុញយ៉ាងសំខាន់ដោយលំហូរវិនិយោគពីបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃពុធ។
ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ នេះ តួលេខនៃការនាំចេញសរុបរបស់វៀតណាមបានកើនឡើងយ៉ាងគំហុកប្រមាណ ១៦,២% ដល់ ៣៩១ ពាន់លានដុល្លារ ខណៈការនាំចូលក៏បានកើនឡើង ១៨,៦% ដល់ ៣៧១,៤៤ ពាន់លានដុល្លារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ពាន់លានដុល្លារនេះ គឺមានកម្រិតទាបជាងបន្តិច បើធៀបនឹងតួលេខ ២៣,១៨ ពាន់លានដុល្លារ ដែលវៀតណាមសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗដែលបានជំរុញកំណើននេះ រួមមាន កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ចំណែកឯការនាំចូលវិញ ទាំងក្រុមហ៊ុនក្នុងស្រុក និងសហគ្រាសដែលមានការវិនិយោគពីបរទេស សុទ្ធតែបានបង្កើនការនាំចូលសម្ភារៈផលិតកម្ម។ សម្រាប់ទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម នៅតែជាសហរដ្ឋអាមេរិក ខណៈប្រទេសចិនបន្តជាប្រភពនាំចូលដ៏សំខាន់បំផុត។
គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមបានកំណត់គោលដៅជំរុញកំណើនការនាំចេញឱ្យបាន ១២% ត្រឹមឆ្នាំ ២០២៥ ដែលអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មានសុទិដ្ឋិនិយមថា គោលដៅនេះនឹងអាចសម្រេចបាន។
