យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» សម្រេចលទ្ធផលត្រចះត្រចង់ក្នុងរយៈពេល ៦ខែ (មេសា-កញ្ញា ២០២៥)

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» សម្រេចលទ្ធផលត្រចះត្រចង់ក្នុងរយៈពេល ៦ខែ (មេសា-កញ្ញា ២០២៥)

ភ្នំពេញ ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No To Fake News» របស់ក្រសួងព័ត៌មាន បានបង្ហាញរបាយការណ៍លទ្ធផលដ៏គួរឱ្យកត់សម្គាល់ សម្រាប់ការអនុវត្តរយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥។ យុទ្ធនាការនេះកំពុងដំណើរការយ៉ាងសកម្មទូទាំងរាជធានី-ខេត្ត ដោយទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីបងប្អូនប្រជាពលរដ្ឋតាមសហគមន៍ រួមទាំងការចូលរួមយ៉ាងផុសផុលទាំងលើបណ្ដាញសង្គម និងសកម្មភាពផ្ទាល់ក្នុងសហគមន៍។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារយុទ្ធនាការ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អំពីលទ្ធផលសំខាន់ៗដែលសម្រេចបាន៖

១. យុទ្ធនាការបានផ្ដល់ព័ត៌មាន និងបង្កើនចំណេះដឹងយ៉ាងទូលំទូលាយ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារ និងរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ នេះធ្វើឡើងតាមរយៈការផ្សព្វផ្សាយមាតិកាអប់រំសរុបជាង ២៥ ៦០០ដង/មាតិកា លើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន ទាំងប្រពៃណី និងទំនើប រួមទាំងបណ្ដាញសង្គម។ ក្នុងនោះ មានមាតិកាអប់រំថ្មីប្រមាណ ២ ០០០ មាតិកា ដែលបង្ហាញពីរបៀបកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ និងផលវិបាករបស់វា រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយបច្ចេកវិទ្យា AI ផងដែរ។ មាតិកាទាំងនេះត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងទូលំទូលាយប្រកបដោយការទទួលខុសត្រូវ។

២. ព្រឹត្តិការណ៍ផ្សព្វផ្សាយតាមទីសាធារណៈ និងពិធីប្រជុំអប់រំ បានរៀបចំឡើងសរុបចំនួន ២៨២ លើក នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៤ រួមមាន កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះសីហនុ កោះកុង កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ សៀមរាប និងស្ទឹងត្រែង ដើម្បីពង្រីកការយល់ដឹងដល់សាធារណជន។ យុទ្ធនាការនេះបានចុះផ្សព្វផ្សាយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងភូមិ-ឃុំ ដែលប្រជាពលរដ្ឋរស់នៅ និងប្រើប្រាស់បណ្ដាញសង្គម។ សកម្មភាពទាំងនេះកំពុងបន្តអនុវត្តនៅតាមបណ្ដាខេត្តផ្សេងៗទៀត តាមកាលវិភាគកំណត់ ខណៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមក៏នៅតែបន្តជាប្រចាំ។
Say No To Fake News Campaign Activities
៣. ការគាំទ្រពីសាធារណជនមានសន្ទុះខ្លាំងក្លា ដោយមានអ្នកចូលរួមប្រមាណជាង ៥លាននាក់ និងបន្តកើនឡើងឥតឈប់ឈរ ទាំងក្នុងយុទ្ធនាការលើបណ្ដាញទំនាក់ទំនងសង្គម និងការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ក៏ដូចជាព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការក៏បានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាននាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។

៤. ការផ្សព្វផ្សាយតាមទីសាធារណៈ តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៤ រួមមាន កណ្ដាល កំពង់ចាម សៀមរាប រតនគីរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាថាព័ត៌មានអំពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

៥. ក្នុងក្របខណ្ឌធានាសណ្ដាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្ដាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្ដីណែនាំ និងបទដ្ឋានតម្រង់ទិសស្ដីពីក្រមសីលធម៌ និងនិយាមប្រតិបត្តិបណ្ដាញសង្គម សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមអនុវត្តតាម។ នេះគឺដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមសីលធម៌សង្គម។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ជាមួយនឹងលទ្ធផលទាំងនេះ និងសកម្មភាពដែលនឹងបន្តអនុវត្ត យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងក្លាយជាចលនាជាតិដ៏រឹងមាំមួយ ដើម្បីផ្ដល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលបណ្ដាលមកពីព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបន្តថា ការរីករាលដាលនៃព័ត៌មានក្លែងក្លាយកាន់តែខ្លាំងក្លា ហើយបានក្លាយជាក្ដីបារម្ភចម្បងសម្រាប់បណ្ដាប្រទេសទូទាំងពិភពលោក ជាពិសេសនៅពេលដែលបច្ចេកវិទ្យាវិវត្តលឿន។ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍៖ «នៅកម្ពុជា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” និងយន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានផ្តល់ភាពជឿជាក់ពីប្រជាពលរដ្ឋមកលើការដឹកនាំ និងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការការពារសហគមន៍ និងសង្គមជាតិពីគ្រោះថ្នាក់ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយបច្ចេកវិទ្យា AI»។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា យុទ្ធនាការនេះបានបង្កើនការយល់ដឹងជាសាធារណៈអំពីផលវិបាក និងគ្រោះថ្នាក់ដែលបណ្ដាលមកពីព័ត៌មានក្លែងក្លាយ ជាពិសេសបានលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា។ យុទ្ធនាការនេះកាន់តែសកម្មឡើង ខណៈប្រជាពលរដ្ឋ អាជីវករ អ្នកប្រកបរបរក្រៅប្រព័ន្ធ មន្ត្រីរាជការ អ្នកសារព័ត៌មាន សិស្ស និស្សិត និងអ្នកបង្កើតមាតិកាជាច្រើន បានបន្តចូលរួមទប់ស្កាត់ការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។

តាមរយៈយុទ្ធនាការនេះ កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ពលរដ្ឋកម្ពុជាត្រូវបានមើលឃើញថាមានការកើនឡើងមួយកម្រិតទៀត ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ រាប់បញ្ចូលទាំងយុវវ័យផង។ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលវិបាក និងមហន្តរាយដែលអាចកើតចេញពីការផលិត និងចែករំលែកព័ត៌មានមិនពិត ឬការផ្សាយដែលគ្មានប្រភពច្បាស់លាស់។ ពលរដ្ឋកម្ពុជាបានទទួលចំណេះដឹងអំពី #សន្តិសុខព័ត៌មាន ហើយបានចែករំលែកចំណេះដឹងទាំងនោះ ដើម្បីអប់រំកូនចៅ មិត្តភក្តិ សមាជិកគ្រួសារ/សហគមន៍ អំពីការពិនិត្យព័ត៌មានពីបណ្ដាញសង្គម ដោយផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ-ឯកជន និងសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីរួមចំណែកក្នុងការធានាសណ្ដាប់ធ្នាប់ ភាពសុខសាន្ត និងការអភិវឌ្ឍសង្គម។

លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជានិច្ចកាលសូមតាមដានស្ថានការណ៍នានាពីប្រភពព័ត៌មានផ្លូវការ សម្រាប់ការទទួលបានព័ត៌មានប្រចាំថ្ងៃ ជាពិសេសបញ្ហាសំខាន់ៗដែលកំពុងកើតឡើងនៅក្នុងសង្គម រួមបញ្ចូលទាំងប្រធានបទព្រំដែនកម្ពុជា-ថៃ ផងដែរ។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានផ្ដួចផ្ដើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក និងកំពុងបន្តសកម្មភាពនៅតាមបណ្ដារាជធានី-ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តទូទាំងប្រទេស ក្រោមការរៀបចំ និងចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជន និងដៃគូពាក់ព័ន្ធ៕

ប្រភព ៖ (ទទក)

administrator

Related Articles