ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើបាញ់ប្រហារដ៏ព្រៃផ្សៃរបស់កងកម្លាំងយោធាថៃ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៤នាក់ (ស្លាប់១ របួស៣) នៅក្នុងភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ក្រសួងបានចាត់ទុកទង្វើនេះថាជាឧក្រិដ្ឋកម្ម និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងផ្ទុយពីគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ លើសពីនេះ វាជាការបំពានទាំងស្រុងទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងមូល ឱ្យរួមគ្នាថ្កោលទោសជាបន្ទាន់ និងដោយម៉ឺងម៉ាត់បំផុត ចំពោះទង្វើខុសច្បាប់របស់ភាគីថៃ ដែលបានរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាព និងបន្តបង្កសកម្មភាពមិនប្រក្រតីម្តងហើយម្តងទៀតនេះ។ ក្រសួងទាមទារឱ្យភាគីថៃទទួលខុសត្រូវពេញលេញចំពោះការរំលោភបំពានដ៏កំរោលនេះ រួមទាំងស្វែងរក និងនាំខ្លួនអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ មកផ្ដន្ទាទោសតាមច្បាប់។ ភាគីថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង និងការប្រើប្រាស់កម្លាំងយោធា ហើយងាកមកគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចអន្តរជាតិទាំងអស់ ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល។
ដោយ៖ អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍
