ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូដ៏សកម្មមួយ ក្នុងចំណោមបក្ខពួក ៤នាក់។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បន្ទាប់ពីមានករណីលួចម៉ូតូម៉ាក Honda Scoopy-i ពណ៌ស ស៊េរីឆ្នាំ២០២០ កាលពីវេលាម៉ោង ០៣:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចជាប់របងសាលាសេរីភាព ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ប្រាប់ឱ្យដឹងដូច្នេះ។

ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ រឿម ចាន់រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត។ ម៉ូតូដែលបាត់បង់គឺជាម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ ១M-០៦១១។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនបានម្នាក់ ឈ្មោះ ប៉ាង ពង្សរិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ហៅក្រៅថា “បណ្ដូល” មានមុខរបរមិនពិតប្រាកដ និងស្នាក់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយការធ្វើតេស្ត ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានផងដែរ។ ដោយឡែក បក្ខពួកចំនួន ៣នាក់ទៀត បានគេចខ្លួនបាត់ ដោយមានឈ្មោះ ថៃ (ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ), ឧត្ដម (ភេទប្រុស អាយុប្រហែល ២២ឆ្នាំ) និង រ៉ាក់ (ភេទប្រុស អាយុប្រហែល ២៤ឆ្នាំ)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ក្បាំងម៉ូតូ Honda Dream ចំនួន ២ឈុត, កាំភ្លើងកែច្នៃចំនួន ១ដើម (ធ្វើពីបំពង់ទុយោ), ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់ ទម្ងន់ ៤,៨៨ក្រាម, ឧបករណ៍ប្រើប្រាស់ និងគ្រឿងវេចខ្ចប់សារធាតុញៀនមួយចំនួន, ម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ ១B-៩៨៦០ (ជាម៉ូតូរបស់ជនសង្ស័យ) និងទូរស័ព្ទដៃចំនួន ២គ្រឿង (ម៉ាក iPhone Xs Max ពណ៌ទឹកប៊ិច និងម៉ាក OPPO ពណ៌ទឹកប៊ិច ១គ្រឿង)។


លោកអធិការបានរៀបរាប់ពីដំណើររឿងបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅលេងផ្ទះជួលបងប្អូននៅភូមិអណ្ដូង។ លុះដល់វេលាកើតហេតុ ពេលជនរងគ្រោះកំពុងជិះម៉ូតូត្រឡប់ទៅភ្នំពេញវិញ ក៏បានឈប់នោមនៅចិញ្ចើមផ្លូវ ហើយភ្លេចដកសោចេញពីម៉ូតូ។ ឱកាសនោះ ជនសង្ស័យក៏បានដើរមកដល់ រួចឡើងជិះម៉ូតូរបស់ជនរងគ្រោះទៅបាត់តែម្ដង។ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានបើកការស្រាវជ្រាវយ៉ាងក្ដៅគគុក។


រហូតមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកណ្ដាល រួមទាំងឯកឧត្តមព្រះរាជអាជ្ញារាជធានីភ្នំពេញ កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាង ពង្សរិទ្ធ បានដោយជោគជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ប៉ាង ពង្សរិទ្ធ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយម៉ូតូនោះបច្ចុប្បន្នកំពុងស្ថិតនៅជាមួយឈ្មោះ ថៃ ដែលជាបក្ខពួកម្នាក់បានគេចខ្លួន។ ជនសង្ស័យរូបនេះក៏បានសារភាពទៀតថា ខ្លួនបានប្រឡូកក្នុងជួញដូរ និងប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ៣ឆ្នាំមកហើយ ព្រមទាំងធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ រយៈពេល ២០ថ្ងៃ ពីបទទទួលផលចោរកម្មនៅខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

