អាមេរិក អំពាវនាវឲ្យពិភពលោករួមគ្នាទប់ស្កាត់ការផ្គត់ផ្គង់អាវុធដល់កងកម្លាំង RSF ស៊ូដង់ ក្រោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅ el-Fasher

អាមេរិក អំពាវនាវឲ្យពិភពលោករួមគ្នាទប់ស្កាត់ការផ្គត់ផ្គង់អាវុធដល់កងកម្លាំង RSF ស៊ូដង់ ក្រោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅ el-Fasher

សហរដ្ឋអាមេរិកបានទទូចឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់អាវុធដល់កងកម្លាំងគាំទ្ររហ័ស (RSF) របស់ប្រទេសស៊ូដង់។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកងកម្លាំង RSF ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃោរឃៅយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង el-Fasher ដែលទើបនឹងកាន់កាប់ថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងកិច្ចប្រជុំ G7 នៅប្រទេសកាណាដាថា កងកម្លាំង RSF បានសម្លាប់រង្គាល រំលោភបំពាន និងបង្កអំពើហិង្សាផ្លូវភេទជាប្រព័ន្ធទៅលើជនស៊ីវិលក្នុងរដ្ឋ Darfur។ រូបភាពពីផ្កាយរណបក៏បានបង្ហាញពីសាកសពជាច្រើនកន្លែងពាសពេញទីក្រុង el-Fasher បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេល ១៨ ខែ។

កងទ័ពស៊ូដង់បានអះអាងថា អារ៉ាប់រួម (UAE) បានលួចបញ្ជូនអាវុធទៅឲ្យ RSF តាមរយៈផ្លូវរត់ពន្ធនៅទ្វីបអាហ្វ្រិក ទោះបីជា UAE បានបដិសេធរឿងនេះក៏ដោយ។ លោក Marco Rubio មិនបានចោទប្រកាន់ UAE ដោយផ្ទាល់ទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសណាក៏ដោយដែលចូលរួមក្នុងការបញ្ជូនអាវុធទាំងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។

គួររំលឹកថា កងទ័ពស៊ូដង់ និង RSF បានប៉ះទង្គិចគ្នា តាំងពីខែមេសា ឆ្នាំ២០២៣ ដែលនាំឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដូចដែលក្រុម G7 បានលើកឡើង។ មនុស្សជាង ១៥០,០០០ នាក់បានស្លាប់បាត់បង់ជីវិត និង ១២ លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែង។

ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ ក៏កងកម្លាំង RSF នៅតែបន្តវាយប្រហារ ហើយបច្ចុប្បន្នបានគ្រប់គ្រងទីក្រុងសំខាន់ៗទាំងអស់នៅក្នុងរដ្ឋ Darfur។ របាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិ និងអង្គការសហប្រជាជាតិ បានបង្ហាញថា អាវុធពីប្រទេសស៊ែប៊ី រុស្ស៊ី ចិន តួកគី យេម៉ែន និង UAE កំពុងតែហូរចូលទៅក្នុងជម្លោះនេះ ជារឿយៗតាមរយៈផ្លូវរត់ពន្ធដែលឆ្លងកាត់ប្រទេស UAE និង Chad។

បច្ចុប្បន្ន អង្គការសហប្រជាជាតិមានបម្រាមលក់អាវុធតែនៅក្នុងរដ្ឋ Darfur ប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសស៊ូដង់ទេ។ ហេតុនេះហើយ ទើបមានការអំពាវនាវជាច្រើនឲ្យមានការគ្រប់គ្រងអាវុធឲ្យតឹងរ៉ឹងជាងមុន ទូទាំងប្រទេស។

administrator

Related Articles