ព្រះសង្ឃ ដូនជី តាជី ជាង១០ខេត្ត ជួបជុំសមាធិបួងសួងសន្តិភាព និងរំលឹកគុណវីរបុរសជាតិ នៅខេត្តព្រះសីហនុ

ព្រះសង្ឃ ដូនជី តាជី ជាង១០ខេត្ត ជួបជុំសមាធិបួងសួងសន្តិភាព និងរំលឹកគុណវីរបុរសជាតិ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ព្រះសង្ឃ ដូនជី តាជី រាប់រយអង្គ/នាក់ និមន្ត និងអញ្ជើញមកពី១០ខេត្តទូទាំងប្រទេស បានប្រមូលផ្ដុំគ្នាធ្វើសមាធិធម៌បួងសួងសុំសេចក្ដីសុខ សន្តិភាព និងរំលឹកគុណវីរកងទ័ពពលី ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី កាលពីវេលាម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលសួនច្បារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ព្រះតេជគុណ សួន សុខសាន្ត ព្រះគ្រូចៅអធិការវត្តភ្នំដិល ខេត្តកំពង់ចាម និងព្រះតេជគុណ ចិក ចន្ថា ព្រះគ្រូចៅអធិការវត្តដាលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការប្រារព្ធពិធីនេះ ក៏មានការសម្របសម្រួលយ៉ាងល្អប្រសើរពីលោកស្រី វ៉ាល ច័ន្ទវលក្ខណ៍ អភិបាលរងស្រុក តំណាងលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ ព្រមទាំងមានការចូលរួមពីសំណាក់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

បណ្ដាខេត្តទាំង១០ ដែលមានព្រះសង្ឃ ដូនជី តាជី និមន្ត និងអញ្ជើញមកនោះ រួមមាន៖ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផ្ទាល់តែម្ដង។ វត្តមានរបស់ពួកគាត់ទាំងអស់គ្នា បានបង្ហាញពីការរួបរួមសាមគ្គីគ្នា ប្រកបដោយទឹកចិត្តជ្រះថ្លា ដើម្បីបុព្វហេតុសាសនា និងជាតិ។

ក្នុងឱកាសនោះ ពិធីក៏មានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ ដូនជី តាជី ទាំងអស់គ្នាផងដែរ ដែលចង្ហាន់ទាំងនេះ ទទួលបានការឧបត្ថម្ភជ្រោមជ្រែងពីលោកស្រី ផាន់ណា ម្ចាស់លក់គ្រឿងសំណង់វាលរេញ។ បន្ទាប់ពីឆាន់ចង្ហាន់រួចរាល់ ក្បួនដង្ហែដ៏អធិកអធម ក៏បាននិមន្តដើរសូត្រព្រះធម៌ អមដោយការបួងសួងសុំសេចក្ដីសុខ សប្បាយ និងសន្តិភាព តាមបណ្ដោយផ្លូវជាតិលេខ៤ បន្តដំណើរទៅកាន់វត្តថ្មដាលើ ដែលមានចម្ងាយប្រមាណ ៥-៦ គីឡូម៉ែត្រ ទើបបញ្ចប់កម្មវិធី។








administrator

Related Articles