«អនុទីន» រងការរិះគន់ខ្លាំង! សមាជិកសភាថៃថាការផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បង្កបញ្ហាដល់ការបង្រ្កាប Scammer

«អនុទីន» រងការរិះគន់ខ្លាំង! សមាជិកសភាថៃថាការផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បង្កបញ្ហាដល់ការបង្រ្កាប Scammer

ការប្រកាសជាឯកតោភាគីរបស់លោក អនុទីន ឆាន់វីរៈគុល ដែលផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងប្រទេសថៃ។ ក្នុងចំណោមនោះ លោក Rangsiman Rome សមាជិកសភា និងជាអនុប្រធានគណបក្សប្រជាជនថៃ បានថ្កោសទោសថា ការសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងនេះ បានបង្កជាបញ្ហាធំដល់ប្រតិបត្តិការក្នុងការកម្ចាត់ក្រុមអ្នកបោកប្រាស់ (Scammer) តាមប្រព័ន្ធអនឡាញ។

យោងតាមការផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Rangsiman បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលថៃ ដែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា កាលពីពេលដែលថៃ និងកម្ពុជា បានចាប់ដៃគ្នាចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី គឺមានបញ្ហាសំខាន់ពីរដែលត្រូវដោះស្រាយ ទី១ គឺធនធានរ៉ែដ៏កម្រ និងទី២ គឺស្ថានភាពព្រំដែន រួមទាំងបញ្ហាអ្នកបោកប្រាស់តាមអនឡាញផងដែរ។ លោកបន្តថា ឥឡូវនេះ រដ្ឋាភិបាលថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពនោះបាត់ទៅហើយ ដូច្នេះ ដំណោះស្រាយចំពោះបញ្ហា Scammer ក៏ត្រូវបញ្ឈប់ភ្លាមៗផងដែរ។

ទន្ទឹមនឹងការលើកឡើងនេះ លោក Rangsiman ក៏បានចោទជាសំណួរទៅកាន់រដ្ឋាភិបាលថា៖ «តើរដ្ឋាភិបាលនេះកំពុងតែធ្វើការដើម្បីផលប្រយោជន៍ជាតិ ឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយមិនខ្វល់ថាអ្នកណានឹងក្លាយជាសត្រូវរបស់ប្រទេសថៃនោះ? បច្ចុប្បន្ន យើងកំពុងប្រឈមមុខនឹងសង្គ្រាមចម្រុះ៖ ការប្រើប្រាស់ព័ត៌មាន កងកម្លាំងប្រដាប់អាវុធ និងឧបករណ៍អ៊ីនធឺណិត»។

ការបន្ទោសរបស់លោក Rangsiman កើតឡើងស្របពេលដែលអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sengiampong បានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលទីក្រុងបាងកក ឲ្យមានភាពចាស់ទុំផ្នែកការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន កុំបិទទ្វារចំពោះពិភពលោក។ លោកបានណែនាំបន្ថែមថា រដ្ឋាភិបាលគួរតែសម្របសម្រួលជាមួយប្រធានអាស៊ានបច្ចុប្បន្ន គឺប្រទេសម៉ាឡេស៊ី និងប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសហ្វីលីពីន ដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា។ លើសពីនេះ គួរពិភាក្សាជាមួយសហរដ្ឋអាមេរិក និងចិន ដែលសុទ្ធតែជាភាគីពាក់ព័ន្ធក្នុងសេចក្តីប្រកាសសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់។

លោក Maris ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃ ត្រូវប្រញាប់បំភ្លឺឲ្យបានច្បាស់លាស់ទៅកាន់អង្គការសហប្រជាជាតិ ក៏ដូចជាប្រើប្រាស់សន្និសីទអនុសញ្ញាអូតាវ៉ា ជាពិសេសសន្និសីទគណៈភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីបំភ្លឺរឿងរ៉ាវជាមួយកម្ពុជាឲ្យបានកាន់តែច្បាស់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles