ភ្នំពេញ៖ រថយន្តចំនួន២គ្រឿងបានបើកបរចូលទៅក្នុងការដ្ឋានស្ថាបនាផ្លូវបេតុងមួយកន្លែង កំពុងដំណើរការចាក់ថ្មីស្រឡាង ដែលស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងបានបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមប្រភពព័ត៌មានពីក្រុមជាងជួសជុលផ្លូវបេតុងខាងលើបានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងនេះគឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។ ខណៈដែលក្រុមជាងកំពុងមមាញឹកក្នុងការងារស្ថាបនា ហើយបានដាក់ប៉ារ៉ាស់សម្គាល់នៅខាងមុខយ៉ាងច្បាស់លាស់ផងនោះ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបានបើកបុកលុកឆ្លងកាត់ទាំងកម្រោល។

ទោះបីជាពួកគាត់ជាជាងបានប្រឹងប្រែងឃាត់យ៉ាងណាក៏ដោយ ក៏រថយន្តខាងលើមិនបានឈប់នោះទេ ហើយបានព្យាយាមបើកគេចបាត់ទៅបណ្តាលឱ្យផ្លូវរងការខូចខាត។ មិនបានប៉ុន្មាននាទីផង ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀត ដែលមានស្លាកលេខ ភ្នំពេញ2Z 9570 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីទិសខាងជើងទៅត្បូងដូចគ្នា ក៏បានបើកចូលទៅលើផ្លូវដែលកំពុងចាក់បេតុងនោះបន្តទៀត បង្កការខូចខាតបន្ថែមលើផ្លូវថែមមួយកម្រិតទៀត។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមជាងដែលកំពុងស្ថាបនាផ្លូវខាងលើ បានឃាត់រថយន្តព្រូសឱ្យថយក្រោយ ហើយចេញពីទីនោះបាត់ទៅ។ ចំណែករថយន្តធុនធំវិញបានបើកគេចខ្លួនបាត់តាំងពីពេលកើតហេតុដំបូង។

ពលរដ្ឋ និងក្រុមជាង សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កទាំងពីរគ្រឿងមកដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីឱ្យទទួលខុសត្រូវលើការខូចខាតផ្លូវសាធារណៈនេះ។




ដោយ៖ សុខា សែនជ័យ
