កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្ត​ព្រះវិហារ បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វីរជន​ជាតិ

កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញ​ប្រកាស​សមាសភាព​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្ត​ព្រះវិហារ បង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វីរជន​ជាតិ

ខេត្តព្រះវិហារ៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វត្តមានរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត នាឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម ក្នុងការលើកស្ទួយជីវភាពអតីតយុទ្ធជន និវត្តជន និងគ្រួសាររបស់ពួកគាត់ ទាំងស្មារតី និងសម្ភារៈ។ ទន្ទឹមគ្នានេះ ក៏ជាការការពារភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជា ប្រកបដោយភាពជឿជាក់ និងប្រាកដនិយម។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ លោកសូមគោរពថ្លែងអំណរគុណ និងសម្តែងនូវភាពស្មោះត្រង់ឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់ឱកាសឲ្យសមាជិកទាំងអស់ បានចូលរួមចំណែកក្នុងស្មារតីភាតរភាព បំពេញបេសកកម្មរបស់សមាគម ដើម្បីបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព មនសិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឲ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងឱកាសដ៏សំខាន់នោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ត្រូវបន្តអនុវត្តតាមតួនាទី ភារកិច្ច ដែលមានចែងក្នុងលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានី ខេត្ត និងសេចក្តីសម្រេច ឬគោលការណ៍ណែនាំផ្សេងៗរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

បន្ថែមពីនេះ កិត្តិសង្គហបណ្ឌិត ក៏បានសង្កត់ធ្ងន់លើការងារពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើកិច្ចសហការ និងទំនាក់ទំនងឲ្យបានជិតស្និទ្ធល្អប្រសើរ ជាមួយគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាបាននូវសុវត្ថិភាពសង្គម សុខដុមរមនា និងវិបុលភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

បញ្ចប់៕ ដោយ៖ ស តារា

administrator

Related Articles