បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យក្នុងក្រុងព្រះវិហារ នៅតែជាបញ្ហាចោទដ៏ធំមួយ ដែលអាជ្ញាធរក្រុងព្រះវិហារមានការព្រួយបារម្ភយ៉ាងខ្លាំង។ បញ្ហានេះកើតឡើងដោយសារអាជីវករ និងប្រជាពលរដ្ឋមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវសាធារណៈ និងបោះចោលសំរាមពាសវាលពាសកាលជុំវិញផ្សារកំពង់ប្រណាក បង្កឲ្យមានភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់សោភ័ណភាពក្រុង។ ក្នុងន័យនេះ អាជ្ញាធរក្រុងបានសម្រេចចិត្តប្រើវិធានការម៉ឺងម៉ាត់ ដោយបានផ្តល់ឱកាស ១០ថ្ងៃ ដល់ម្ចាស់អាជីវកម្មផ្សារ និងអាជីវករទាំងអស់ ត្រូវរៀបចំកន្លែងលក់ដូរឲ្យបានត្រឹមត្រូវនៅក្នុងផ្សារ និងរុះរើសំណង់ សំយាបផ្សេងៗដែលសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីស្តារមុខមាត់ និងសោភ័ណភាពក្រុងព្រះវិហារឡើងវិញ។ 
យោងតាមលិខិតជូនដំណឹងជាលើកទី២ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់អាជ្ញាធរក្រុងព្រះវិហារ បានណែនាំយ៉ាងច្បាស់លាស់ដល់អាជីវករ ពាណិជ្ជករទាំងអស់ ដែលបានដាក់តាំងលក់បន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញប្រើប្រាស់ផ្សេងៗទៀត ត្រូវរើចេញពីដីចំណីផ្លូវជុំវិញផ្សារកំពង់ប្រណាក។ ចំពោះអាជីវករដែលមានតូបលក់ខាងក្នុងផ្សារ ត្រូវចូលទៅលក់ដូរនៅក្នុងផ្សារវិញជាបន្ទាន់។ អាជ្ញាធរក្រុងបានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងនឹងចុះរុះរើដោយគ្មានការទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ។ 
ការចេញសេចក្តីជូនដំណឹងជាលើកទី២ ដើម្បីរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ប្រណាកនេះ គឺស្របតាមចក្ខុវិស័យរបស់ខេត្តព្រះវិហារ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងឲ្យមានភាពស្រស់ស្អាត ដើម្បីឆ្លើយតបទៅនឹងការវាយតម្លៃទីក្រុងស្អាត និងការវាយតម្លៃផ្ការំដួល ១ទង ទៅ ២ទង។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារកំពង់ប្រណាកបានលើកឡើងថា អាជីវករជាច្រើនបានដាក់តាំងលក់បន្លែ ត្រី សាច់ និងទំនិញផ្សេងៗនៅលើផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ពិបាកធ្វើដំណើរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។ ពួកគេក៏បានសម្តែងការខកចិត្តផងដែរ ដែលបញ្ហានេះបានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមន្ត្រីពាក់ព័ន្ធហាក់ដូចជាពុំទាន់មានចំណាត់ការច្បាស់លាស់នៅឡើយ។ 
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ ឲ្យមានវិធានការរឹតបន្តឹង និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះអាជីវករដែលលក់ដូរលើផ្លូវសាធារណៈ ដែលបង្កឲ្យមានការកកស្ទះ និងអសណ្តាប់ធ្នាប់។ ពួកគេថែមទាំងបានលើកឡើងអំពីលោកស្រី ហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគភាស៊ីផ្សារកំពង់ប្រណាក និងប្រមូលសំរាម ដែលហាក់ដូចជាគ្រាន់តែដើរប្រមូលលុយពីអាជីវករ និងពលរដ្ឋតែប៉ុណ្ណោះ ដោយមិនបានយកចិត្តទុកដាក់រៀបចំ ឬអភិវឌ្ឍន៍អ្វីនោះឡើយ ថែមទាំងខ្វះបុគ្គលិកទៀតផង។ ប្រជាពលរដ្ឋស្នើឲ្យមានការផ្លាស់ប្តូរក្រុមហ៊ុននេះ ដើម្បីឲ្យខេត្តព្រះវិហារមានសោភ័ណភាពថ្មី និងស្រស់ស្អាតឡើងវិញ។ 
ក្នុងចំណោមអាជីវករទាំងនោះ ក៏មានមួយចំនួនបានសម្តែងការគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ដោយបញ្ជាក់ថា ប្រសិនបើអាជ្ញាធរក្រុងចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារឲ្យបានល្អ ពួកគាត់នឹងចូលរួមសហការកាត់បន្ថយ ឬរុះរើសំណង់ សំយាបដែលរំលោភចំណីផ្លូវដោយស្ម័គ្រចិត្ត។ ទោះជាយ៉ាងណា លោក ហាយ ហាច តំណាងផ្សារកំពង់ប្រណាក បានថ្លែងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា លោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាមួយកម្លាំងសមត្ថកិច្ច ប៉ុន្តែបញ្ហានេះហាក់ដូចជា “ចចក” គឺពិបាកដោះស្រាយណាស់។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកស្រី ហេង សាវី ប្រធានក្រុមហ៊ុនវិនិយោគភាស៊ីផ្សារកំពង់ប្រណាក និងប្រមូលសំរាម បាននៅឡើយទេ។
