កម្ពុជា និង LED បន្តកិច្ចសហប្រតិបត្តិការជំរុញការអប់រំឌីជីថលជំនាញបច្ចេកទេស ដំណាក់កាលទី២

កម្ពុជា និង LED បន្តកិច្ចសហប្រតិបត្តិការជំរុញការអប់រំឌីជីថលជំនាញបច្ចេកទេស ដំណាក់កាលទី២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ដំណាក់កាលទី២ លើគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.” ដែលមានគោលដៅពង្រឹងគុណភាពអប់រំឌីជីថល និងជំនាញបច្ចេកទេសនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ LED។

កិច្ចសហប្រតិបត្តិការ

អនុស្សរណៈថ្មីនេះ មានបំណងអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានស្តង់ដារគុណភាពអប់រំ TVET និងបង្កើតយន្តការមួយប្រកបដោយចីរភាព ដើម្បីជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥” របស់រាជរដ្ឋាភិបាល។

រដ្ឋមន្ត្រីថ្លែង

ក្នុងឱកាសនោះ លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ LED ដែលបានបន្តទុកចិត្ត និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពជោគជ័យនៃគម្រោងដំណាក់កាលទី១ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសដល់សិស្ស និស្សិត និងពង្រឹងសមត្ថភាពអ្នកបណ្ដុះបណ្ដាលកន្លងមក។

ហត្ថលេខា

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. ដំណាក់កាលទី២” នេះ នឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. នានា។ ជាពិសេស វានឹងពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹកឱ្យកាន់តែទូលំទូលាយថែមទៀត។

កិច្ចប្រជុំ

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក៏បានបង្ហាញចក្ខុវិស័យក្នុងការបើកទូលាយនូវថ្នាលបណ្ដុះបណ្ដាលឌីជីថលនេះដល់វិស័យឯកជន ដើម្បីជួយបង្កើនជំនាញបន្ថែមសម្រាប់បុគ្គលិកបម្រើការងារ និងអ្នកហាត់ការនៅតាមស្ថាប័នឯកជនផងដែរ។

ទិដ្ឋភាពរួម

ជាការឆ្លើយតប លោក Pius Frick បានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ. – ដំណាក់កាលទី២” ដែលនឹងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពតាមរយៈការរៀនសូត្រផ្ទាល់ និងការអនុវត្តជាក់ស្តែង។

អ្នកសម្របសម្រួលថ្លែង
ពិធីចុះ MOU
ក្រុមការងារ
ពិធីការ

ដោយ៖ តារា

administrator

Related Articles