ប្រទេសចិន ៖ ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃពុធ បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះលេបត្របាក់ប្រាសាទបុរាណ យង់ឈីង (Yongqing Temple) ដែលមានអាយុកាលរហូតទៅដល់ ១,៥០០ឆ្នាំ។ ការឆាបឆេះនេះបានបំផ្លាញអគារប្រវត្តិសាស្ត្រដ៏សំខាន់មួយខ្នងស្ទើរទាំងស្រុង បន្សល់ទុកនូវការសោកស្ដាយយ៉ាងខ្លាំងសម្រាប់បេតិកភណ្ឌជាតិ។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ។

អគ្គិភ័យដ៏សាហាវនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រមាណ ១១:២៤នាទីព្រឹក ដោយអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើអគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់ ៣ ជាន់ ស្ថិតនៅក្នុងបរិវេណប្រាសាទ។ ប្រាសាទយង់ឈីង ត្រូវបានកសាងឡើងតាំងពីឆ្នាំ ៥៣៦ ដែលជាទីតាំងដ៏ពិសិដ្ឋ និងមានតម្លៃផ្នែកអក្សរសិល្ប៍។ អគារ Wenchang Pavilion នេះហើយគឺជាទីកន្លែងដែលអ្នកនិពន្ធដ៏ល្បីល្បាញ លោក ស៊ឺ ណៃអាន (Shi Naian) បាននិពន្ធស្នាដៃប្រលោមលោកបុរាណដ៏ល្បីល្បាញមួយ ក្នុងចំណោមអក្សរសិល្ប៍ដ៏អស្ចារ្យទាំងបួនរបស់ចិន។

គួរកត់សម្គាល់ថា អគារដែលរងការឆាបឆេះនេះ គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីសំណង់ដើមត្រូវបានរុះរើចោលក្នុងឆ្នាំ ១៩៥៨។ បច្ចុប្បន្ន មូលហេតុពិតប្រាកដដែលបង្កឱ្យមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរនៅឡើយ។
