ឥណ្ឌាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមូលដ្ឋានទ័ពអាកាសរយៈកម្ពស់ខ្ពស់ថ្មីស្រឡាងមួយ នៅតំបន់ Ladakh ដែលមានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនជាមួយប្រទេសចិន។ ការជំហាននេះ ត្រូវបានគេមើលឃើញថាជាការពង្រឹងសមត្ថភាពយោធាឥណ្ឌាបន្ថែមទៀត នៅក្នុងតំបន់ដ៏រសើបមួយ ដែលតែងតែមានភាពតានតឹងជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

ក្នុងពិធីសម្ពោធផ្លូវការ លោក A P Singh មេបញ្ជាការកងទ័ពអាកាសឥណ្ឌាផ្ទាល់ បានធ្វើការចុះចតនៅមូលដ្ឋានទ័ពអាកាសថ្មីនេះ ដែលមានឈ្មោះថា Mudh-Nyoma ដោយប្រើប្រាស់យន្តហោះដឹកជញ្ជូនធុន C-130J ។ មូលដ្ឋានទ័ពអាកាសដ៏ទំនើបនេះ ត្រូវបានសាងសង់ឡើងនៅកម្ពស់ប្រហែល ១៣,០០០ ហ្វីត (ឬស្មើនឹង ៣៩៦២.៤ ម៉ែត្រ)។
![]()
សមត្ថភាពរបស់មូលដ្ឋានទ័ពអាកាស Mudh-Nyoma អាចផ្ទុកយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូននានា ដែលផ្តល់ឱ្យប្រទេសឥណ្ឌានូវទីតាំងយោធាដ៏រឹងមាំ និងជាយុទ្ធសាស្ត្រមួយ នៅជិតព្រំដែនដ៏តានតឹងជាមួយប្រទេសចិន។ គួរបញ្ជាក់ថា គម្រោងសាងសង់មូលដ្ឋានទ័ពអាកាសនេះ បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយចំណាយថវិកាអស់ប្រមាណ ២១៨ កោដិរូពីឥណ្ឌា (ប្រហែល ២៤ លានដុល្លារអាមេរិក)។
ជាមួយនឹងការបន្ថែមមូលដ្ឋានថ្មីនេះ តំបន់ Ladakh ឥឡូវនេះមានមូលដ្ឋានទ័ពអាកាសសរុបចំនួនបួនហើយ រួមមាន Nyoma, Leh, Kargil និង Thoise។ ការពង្រីកនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិរបស់ឥណ្ឌានៅក្នុងតំបន់ព្រំដែនភ្នំខ្ពស់មួយនេះ។
