កំពង់ស្ពឺ-តាកែវ ចាប់ដៃគ្នាបង្កើតប៉ុស្តិ៍នគរបាលចល័ត ពង្រឹងសន្តិសុខតាមព្រំដែន!

កំពង់ស្ពឺ-តាកែវ ចាប់ដៃគ្នាបង្កើតប៉ុស្តិ៍នគរបាលចល័ត ពង្រឹងសន្តិសុខតាមព្រំដែន!

(តាកែវ)៖ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើតប៉ុស្តិ៍នគរបាលចល័ត ប្រចាំការជាអចិន្ត្រៃយ៍នៅតាមបណ្តោយព្រំប្រទល់រួមនៃខេត្តទាំងពីរ។ នេះជាជំហានថ្មីមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តទាំងពីរឲ្យកាន់តែរឹងមាំ។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរវាងខេត្តទាំងពីរ ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញពាក់ព័ន្ធ អធិការនគរបាលស្រុក និងមេឃុំតាមបណ្តោយព្រំប្រទល់។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីលទ្ធផលល្អប្រសើរនៃការខិតខំប្រឹងប្រែង និងកិច្ចសហការគ្នារវាងខេត្តទាំងពីរក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឲ្យបណ្ដាស្រុកជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរៀបចំឲ្យមានប៉ុស្តិ៍នគរបាលចល័តប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ឯកឧត្តមបន្ថែមថា ប៉ុស្តិ៍ចល័តនេះមានគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបង្កើតប៉ុស្តិ៍នគរបាលចល័តនេះ ជាពិសេសត្រង់ចំណុចព្រំប្រទល់ខេត្តទាំងពីរលើកំណាត់ផ្លូវជាតិលេខ ៣។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ «ការរៀបចំប៉ុស្តិ៍នគរបាលប្រចាំការ មិនត្រឹមតែចូលរួមធានាសុវត្ថិភាព និងកាត់បន្ថយបទល្មើសប៉ុណ្ណោះទេ តែវាក៏ជួយសម្រួលចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវផងដែរ ដោយសារមានកម្លាំងសមត្ថកិច្ចចាំជួយសម្របសម្រួល»។

administrator

Related Articles