(ខេត្តសៀមរាប)៖ អង្គរវត្តនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ហើយថ្មីៗនេះ ភ្ញៀវទេសចរកាន់តែច្រើនឡើងៗ បានងាកមកជ្រើសរើសការជិះកង់កម្សាន្តតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ដែលផ្តល់នូវបទពិសោធន៍ប្លែក និងស្និទ្ធស្នាលនឹងធម្មជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់អំពីកំណើនដ៏គួរឲ្យកត់សម្គាល់នេះ ខណៈអាជ្ញាធរជាតិអប្សរាក៏បានសង្កេតឃើញផងដែរថា ចាប់តាំងពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយមក ចំនួនអ្នកទេសចរដែលនិយមជិះកង់ទស្សនាប្រាសាទនៅវង់តូច និងវង់ធំ បានកើនឡើងជាលំដាប់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានមានប្រសាសន៍ថា ជាមធ្យមមានភ្ញៀវប្រមាណជាង ១០០នាក់ ជិះកង់កម្សាន្តក្នុងតំបន់អង្គរជារៀងរាល់ថ្ងៃ តាមបណ្ដោយផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។ លោកបន្តថា ភ្ញៀវទេសចរពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំផ្លូវជិះកង់ដ៏ស្រស់ស្អាតទាំងនេះ ដែលឆ្លងកាត់ព្រៃ វាលស្រែ និងបរិវេណប្រាសាទនានា។ កំណើនភ្ញៀវជិះកង់ក៏បានបន្តកើនឡើងពីមួយខែទៅមួយខែផងដែរ លើកលែងតែរដូវភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណោះ។


គួររំលឹកផងដែរថា អាជ្ញាធរជាតិអប្សរា បានស្ថាបនាផ្លូវជិះកង់ប្រវែង ២៣គីឡូម៉ែត្រនៅក្នុងរមណីយដ្ឋានអង្គរ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ផ្លូវនេះត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ដោយឆ្លងកាត់ព្រៃឈើ ស្ទឹង វាលស្រែ និងក្បែរៗប្រាសាទនានា ដែលបង្កើនភាពទាក់ទាញពិសេសមួយ ជំរុញឲ្យទេសចរងាកមកជិះកង់ជំនួសយានយន្តដទៃ។ ទោះបីជាមានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក៏ដោយ អាជ្ញាធរជាតិអប្សរានៅតែមានគម្រោងកែលម្អបន្ថែមទៀត ទៅតាមសំណូមពររបស់អ្នកនិយមជិះកង់។ បច្ចុប្បន្ន អាជ្ញាធរបានរៀបចំចំណតកង់ចំនួន ៨កន្លែង នៅតាមទីតាំងសំខាន់ៗក្នុងវង់តូច និងវង់ធំ ដើម្បីបង្កលក្ខណៈងាយស្រួល ចតមានសុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់ល្អ។


ការរៀបចំផ្លូវជិះកង់ទស្សនាតំបន់អង្គរនេះ គឺជាគំនិតផ្តួចផ្តើមដ៏មានតម្លៃ ដើម្បីពង្រីកវិស័យទេសចរណ៍ប្រកបដោយនវានុវត្តន៍។ វាមិនត្រឹមតែផ្តល់ឱកាសឲ្យទេសចរបានទស្សនាប្រាសាទប៉ុណ្ណោះទេ ថែមទាំងអាចជិះកង់កម្សាន្តលំហែតាមព្រៃអង្គរ គយគន់ទេសភាពវាលស្រែដែលប្រែប្រួលតាមរដូវកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ និងហាត់ប្រាណដើម្បីសុខភាពថែមទៀតផង។


ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
