កំពង់ចាម៖ បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ៤ករណី រឹបអូសឧបករណ៍ខុសច្បាប់រាប់រយម៉ែត្រ

កំពង់ចាម៖ បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ៤ករណី រឹបអូសឧបករណ៍ខុសច្បាប់រាប់រយម៉ែត្រ

ខេត្តកំពង់ចាម៖ កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន ៤ករណីធំៗ នៅលើភូមិសាស្ត្រស្រុកកងមាស និងស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព័ត៌មាននេះត្រូវបានរដ្ឋបាលខេត្តកំពង់ចាមប្រកាសឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរស្រុកកងមាស អាជ្ញាធរស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទដូចខាងក្រោម៖

**ករណីទី១៖** នៅចំណុចទំនប់បឹងកក់ ឃុំស្តៅ ស្រុកកងមាស រឹបអូសបានឧបករណ៍លូស្បៃមុង ៧មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ បង្គោលចម្រឹង ១២៥ដើម និងបានលែងត្រីចម្រុះទម្ងន់ ៩គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។

**ករណីទី២៖** នៅចំណុចបឹងទៀមលាង ឃុំកងតានឹ្រង ស្រុកកងមាស រឹបអូសបានឧបករណ៍លូស្បៃមុង ៨មាត់ របាំងស្បៃមុងប្រវែង ៤១៥ម៉ែត្រ បង្គោលចម្រឹង ១៤៥ដើម និងបានលែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម។

**ករណីទី៣៖** នៅចំណុចមុខវត្តល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ រឹបអូសបានឧបករណ៍លូស្បៃមុង ៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ បង្គោលចម្រឹង ១៣៥ដើម និងបានលែងត្រីចម្រុះទម្ងន់ ៥គីឡូក្រាម។

**ករណីទី៤៖** នៅចំណុចជ្រោយចង្កែង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ រឹបអូសបានឧបករណ៍លូស្បៃមុង ១១មាត់ របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ បង្គោលចម្រឹង ១៦៥ដើម និងបានលែងត្រីចម្រុះទម្ងន់ ៧គីឡូក្រាម។

មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក ទូទាំងខេត្តកំពង់ចាម ព្រមទាំងផ្សព្វផ្សាយអប់រំដល់ប្រជានេសាទឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចូលរួមថែរក្សាធនធានជលផលធម្មជាតិឲ្យបានគង់វង្ស។


administrator

Related Articles