អាមេរិក បង្វែរគោលនយោបាយ! សម្លឹងឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូយុទ្ធសាស្ត្រសំខាន់នៅឥណ្ឌូប៉ាស៊ីហ្វិក (ផ្អែកតាម Nikkei)

អាមេរិក បង្វែរគោលនយោបាយ! សម្លឹងឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូយុទ្ធសាស្ត្រសំខាន់នៅឥណ្ឌូប៉ាស៊ីហ្វិក (ផ្អែកតាម Nikkei)

រឿងភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក! កាលពីខែមេសាកន្លងទៅ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ពន្ធគយខ្ពស់លើទំនិញកម្ពុជា រហូតដល់ទៅ៤៩% ដែលជាអត្រាខ្ពស់បំផុតលំដាប់ទី២។ នេះជាដំណឹងដ៏គួរឲ្យបារម្ភព្រោះអាមេរិកជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា សម្រាប់ផលិតផលសំខាន់ៗដូចជា សម្លៀកបំពាក់ ស្រោមជើង និងគ្រឿងអេឡិចត្រូនិកជាដើម។ ប៉ុន្តែ ថ្មីៗនេះ ស្ថានការណ៍បានផ្លាស់ប្ដូរទាំងស្រុង…

គឺនៅថ្ងៃទី២៦ ខែតុលា លោកប្រធានាធិបតី ត្រាំ បានជួបផ្ទាល់ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ហើយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មកាត់បន្ថយពន្ធគយពី ៤៩% មកត្រឹម ១៩% វិញ! នេះជាការបញ្ចុះពន្ធដ៏ធំបំផុត។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានប្រកាសដកបម្រាមលក់អាវុធឲ្យកម្ពុជាផងដែរ ដោយសំអាងលើការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសន្តិភាព និងសន្តិសុខ។ នេះជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយោធា និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។

លើសពីនេះ កម្ពុជា-អាមេរិក ក៏បានយល់ព្រមបន្តធ្វើសមយុទ្ធយោធារួមគ្នា «ឆ្មាំអង្គរ» ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាង ៨ឆ្នាំ។ ការផ្លាស់ប្ដូរគោលជំហរដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានអ្នកវិភាគយល់ឃើញថា ជាលទ្ធផលនៃការវាយតម្លៃខ្ពស់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើថ្នាក់ដឹកនាំថ្មីរបស់កម្ពុជា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាយោធា West Point និងសាកលវិទ្យាល័យ New York របស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ប្រាប់សារព័ត៌មានជប៉ុន Nikkei ថា «សហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្ត្រី (សម្ដេចធិបតី) ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់លោក ដើម្បីជំរុញចក្ខុវិស័យរួមរបស់យើង ឆ្ពោះទៅរកឥណ្ឌូប៉ាស៊ីហ្វិកមួយដែលមានសេរីភាព វិបុលភាព សុវត្ថិភាព និងភាពធន់»។

លោក Paul Chambers អ្នកវិភាគកិច្ចការតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា ការចូលរួមវិជ្ជមានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយកម្ពុជា បានចាប់ផ្ដើមតាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៥ មកម្ល៉េះ។ លោកបានបន្ថែមថា គោលបំណងរបស់សហរដ្ឋអាមេរិក គឺចង់ទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅកម្ពុជា ហើយលោក ត្រាំ ថែមទាំងចង់បានឧត្តមភាពលើសចិននៅក្នុងប្រទេសកម្ពុជាទៀតផង។ (ដកស្រង់ពីសារព័ត៌មានជប៉ុន Nikkei)

administrator

Related Articles