រថយន្ត២គ្រឿងបុកកិនផ្លូវបេតុងទើបចាក់ថ្មីៗ ខូចខាតមួយចំហៀងយ៉ាងដំណំ ទាំងកណ្ដាលយប់នៅភ្នំពេញ!

រថយន្ត២គ្រឿងបុកកិនផ្លូវបេតុងទើបចាក់ថ្មីៗ ខូចខាតមួយចំហៀងយ៉ាងដំណំ ទាំងកណ្ដាលយប់នៅភ្នំពេញ!

រាជធានីភ្នំពេញ៖ រថយន្តចំនួន ២ គ្រឿង បានបើកបំពានចូលការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែដែលទើបចាក់ថ្មីៗ នៅពេលយប់បណ្តាលឲ្យផ្លូវរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំ រួចបើកចេញទៅបាត់ដោយមិនទទួលខុសត្រូវ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់​ ថ្ងៃទី ១៣​ ខែវិច្ឆិកា​ ឆ្នាំ ២០២៥ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

Road damage from truck

ប្រភពព័ត៌មានពីក្រុមជាងជួសជុលផ្លូវបេតុង បានរៀបរាប់ឲ្យដឹងថា ផ្លូវបេតុងខាងលើនេះគឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ​ ហើយពួកគាត់កំពុងចាប់ផ្តើមស្ថាបនាទាំងមានដាក់ប៉ារ៉ាសសម្គាល់យ៉ាងត្រឹមត្រូវនៅខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបានបើកឆ្លងកាត់ទាំងកម្រោល ទោះបីពួកគាត់ខំឃាត់យ៉ាងណាក៏ដោយ ក៏តៃកុងរថយន្តខាងលើមិនព្រមឈប់នោះទេ ហើយព្យាយាមបើកគេចបាត់ទៅបណ្តាលឲ្យផ្លូវរងការខូចខាតមួយផ្នែកធំ។

Workers at road construction site

មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2Z-9570 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីទិសដៅជើងទៅត្បូងដូចគ្នា ក៏បានបើកចូលកិនបន្តទៀត បណ្តាលឲ្យផ្លូវដែលទើបចាក់ថ្មីៗ រងការខូចខាតបន្ថែមលើសដើម។

Damaged concrete road

ក្រោយពេលកើតហេតុភ្លាមៗ ពលរដ្ឋ ក៏ដូចជាក្រុមជាងដែលកំពុងស្ថាបនាផ្លូវ បានឲ្យរថយន្តព្រូសនោះថយក្រោយ ហើយចេញពីទីតាំងកើតហេតុបាត់ទៅ។ ដោយឡែក រថយន្តធុនធំដែលបើកបង្កមុនគេ បានបើកគេចខ្លួនបាត់តាំងពីកើតហេតុភ្លាមៗ​តែម្តង។ ប្រជាពលរដ្ឋ និងក្រុមជាង សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចនឹងជួយស្រាវជ្រាវរកម្ចាស់រថយន្តបង្កទាំងពីរគ្រឿងមកដោះស្រាយតាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យខាតបង់ថវិការដ្ឋក្នុងការស្ថាបនាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សុខា

administrator

Related Articles