ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាវាគ្មិនកិត្តិយសដ៏ឆ្នើម ដើម្បីចែករំលែកបទបាឋកថាដ៏មានអត្ថន័យជ្រាលជ្រៅមួយ ស្តីពី «ការដឹកនាំ និងនវានុវត្តន៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង»។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅចំពោះមុខកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២៥ (ថ្នាក់គុណភាព) នៃសាលាភូមិន្ទរដ្ឋបាល (ERA) នៅសាលាខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសដ៏មហោឡារិកនេះ លោកអភិបាលខេត្ត សរ សុពុត្រា បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីភូមិសាស្ត្ររដ្ឋបាល ស្ថានភាពប្រជាសាស្ត្រ ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីសមិទ្ធផលថ្មីៗជាច្រើន ដែលខេត្តបានសម្រេចបានយ៉ាងត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក អស់រយៈពេលជាងមួយឆ្នាំកន្លងមក។ លោកបានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គឺការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ។ នេះគឺដើម្បីផ្តល់នូវទំនុកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ វិនិយោគិន និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តវិធានការច្បាប់ និងគោលការណ៍បង្ក្រាប រួមទាំងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់បំផុត។

បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់ខ្ពស់ចំពោះប្រជាពលរដ្ឋជាអ្នកទទួលផល។ លោកបានគូសរំលេចអំពីការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ក៏ដូចជា «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» រួមជាមួយនឹងគោលការណ៍ដឹកនាំដ៏មានប្រសិទ្ធភាព «អភិរក្ស អភិវឌ្ឍន៍ លើកកម្ពស់បរិយាបន្ន ប្រកបដោយនវានុវត្តន៍»។ ជាងនេះទៅទៀត លោកក៏បានពន្យល់ពីសារៈសំខាន់នៃការរៀបចំមុខងារមន្ត្រីតាមជំនាញ ឋានានុក្រម និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។

ក្នុងបាឋកថានោះ លោក សរ សុពុត្រា បានបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងភាពជាអ្នកដឹកនាំ និងអ្នកគ្រប់គ្រង ដោយបានបញ្ជាក់ថា ការដឹកនាំដ៏រឹងមាំនឹងជំរុញទឹកចិត្តឱ្យមានការបង្កើតចក្ខុវិស័យ និងការដឹកនាំអង្គភាពឆ្ពោះទៅរកគោលដៅរួម។ រីឯនវានុវត្តន៍វិញ គឺជាយន្តការដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ ការកែលម្អ និងការបង្កើតថ្មីៗ។ លោកបានបន្តថា អ្នកដឹកនាំ គឺជាដំណើរការដែលបុគ្គលម្នាក់ប្រើប្រាស់ឥទ្ធិពលផ្លូវការ ឬមិនផ្លូវការ ដើម្បីតម្រង់ទិស និងសម្របសម្រួលការងារជាមួយអ្នកដទៃ ក្នុងការសម្រេចនូវគោលដៅរួមរបស់អង្គភាព។
លោកបានសង្កត់ធ្ងន់ថា ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវតែដើរទន្ទឹមគ្នា។ ស្របពេលដែលអ្នកដឹកនាំត្រូវតែមានភាពបុរេសកម្ម ទើបអាចជំរុញការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងជំរុញប្រទេសជាតិឱ្យរីកចម្រើន និងឆ្លើយតបបានពេញលេញចំពោះតម្រូវការប្រជាពលរដ្ឋដែលតែងតែប្រែប្រួលជានិច្ច។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បទបាឋកថានៅថ្ងៃនេះ នឹងចូលរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធន៍សំខាន់សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់ ឱ្យយល់កាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ និងសារៈសំខាន់នៃការផ្តល់ និងបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតស្និទ្ធរវាងអ្នកបម្រើសេវា និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាប្រកបដោយភាពកក់ក្តៅ។ ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង។
