ខេត្តបន្ទាយមានជ័យ៖ សពពលរដ្ឋខ្មែរម្នាក់ឈ្មោះ ឌី ណៃ (ហៅ សល់) ដែលបានបាត់បង់ជីវិតដោយសារការបាញ់ប្រហារពីសំណាក់ទាហានថៃកាលពីពេលថ្មីៗនេះ នឹងត្រូវដង្ហែទៅកាន់ទីបូជានាពេលល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ។
បច្ចុប្បន្ន សពរបស់លោក ឌី ណៃ កំពុងត្រូវបានក្រុមគ្រួសារ និងបងប្អូនធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តចាន់ស៊ី សាមគ្គី រតនារាម ដែលស្ថិតក្នុងបរិវេណជំរំសុវត្ថិភាព ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
គួររំលឹកផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោធាថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជាដោយគ្មានមូលហេតុ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់គឺលោក ឌី ណៃ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ អំពើហិង្សានៅតាមបណ្តោយព្រំដែននេះ បានបង្កការសោកសៅជាខ្លាំងដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាសាធារណជនទូទៅ។
ពិធីបូជាសពលោក ឌី ណៃ នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃនេះ ក្រោមការចូលរួមរំលែកទុក្ខពីសាច់ញាតិជិតឆ្ងាយ។
