រឿងអាស្រូវភ្នាល់បាល់ធំ! តួកគីព្យួរកីឡាករជាង ១០០នាក់ ពាក់ព័ន្ធល្បែងស៊ីសង

រឿងអាស្រូវភ្នាល់បាល់ធំ! តួកគីព្យួរកីឡាករជាង ១០០នាក់ ពាក់ព័ន្ធល្បែងស៊ីសង

សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសព្យួរការប្រកួតកីឡាករចំនួន ១០២ រូប ចេញពីលីគកំពូលរបស់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើការចោទប្រកាន់ពាក់ព័ន្ធនឹងការភ្នាល់បាល់ទាត់។ ក្នុងចំណោមកីឡាករដែលរងការពិន័យនេះ រួមមានកីឡាករល្បីៗដូចជា Eren Elmali របស់ក្លឹប Galatasaray និង Metehan Baltaci ផងដែរ។

ការបង្រ្កាបលើបញ្ហាល្បែងស៊ីសងនេះ បានចាប់ផ្តើមកាលពីដើមខែ ដោយ TFF បានសម្រេចព្យួរអាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្ដាលចំនួន ១៤៩ នាក់ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងនោះបានលេងភ្នាល់លើការប្រកួតបាល់ទាត់អាជីពនៅក្នុងប្រទេស។

ស្ថានការណ៍បានកាន់តែធ្ងន់ធ្ងរឡើងកាលពីថ្ងៃចន្ទ ជាមួយនឹងការចាប់ខ្លួនមនុស្ស ៨ នាក់ រួមទាំងប្រធានក្លឹបលំដាប់កំពូលមួយរូបផង។ ជាមួយគ្នានោះ កីឡាករចំនួន ១,០២៤ នាក់ មកពីគ្រប់លីគទាំងអស់ ក៏ត្រូវបានព្យួរការងារផងដែរ ខណៈការស៊ើបអង្កេតនៅតែបន្ត។ ដើម្បីធានាដំណើរការនេះ ការប្រកួតក្នុងលីគលំដាប់ទី ២ និងទី ៣ ត្រូវបានផ្អាករយៈពេល ២ សប្តាហ៍។

ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីព (PFDK) របស់ TFF បានបញ្ជាក់ពីការហាមឃាត់នេះ ក្នុងសេចក្តីថ្លែងការណ៍មួយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការពិន័យនេះពាក់ព័ន្ធនឹងកីឡាករ ២៥ នាក់មកពីក្របខ័ណ្ឌ Super Lig និងកីឡាករ ៧៧ នាក់មកពីលីគលំដាប់ទី ២។

ក្រោមវិធានការនេះ PFDK បានដាក់បម្រាមរយៈពេល ៤៥ ថ្ងៃ លើកីឡាករ Elmali និង ៩ ខែ លើកីឡាករ Baltaci។ ចំពោះកីឡាករផ្សេងទៀត ការហាមឃាត់មានរយៈពេលចាប់ពី ៤៥ ថ្ងៃ រហូតដល់ ១២ ខែ។ ទោះជាយ៉ាងណា PFDK មិនទាន់បានប្រកាសវិធានការណាមួយប្រឆាំងនឹងកីឡាករដែលនៅសេសសល់ក្នុងការស៊ើបអង្កេតនោះទេ។

លោក Ibrahim Haciosmanoglu ប្រធាន TFF បានចាត់ទុកស្ថានភាពបច្ចុប្បន្នថាជា «វិបត្តិសីលធម៌នៅក្នុងបាល់ទាត់តួកគី»។ ការស៊ើបអង្កេតផ្ទាល់ខ្លួនរបស់សហព័ន្ធបានបង្ហាញថា អាជ្ញាកណ្ដាលសកម្មចំនួន ៣៧១ នាក់ ក្នុងចំណោម ៥៧១ នាក់ នៅក្នុងលីគអាជីពរបស់ប្រទេសតួកគី មានគណនីភ្នាល់ ហើយ ១៥២ នាក់ ក្នុងចំណោមពួកគេ កំពុងលេងល្បែងយ៉ាងសកម្ម។

administrator

Related Articles