រាជធានីភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពជនស៊ីវិលកម្ពុជា ដែលរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហាររបស់យោធាថៃ។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ-អន្តរជាតិឲ្យបានជ្រាបថា ក្រុមអ្នកសង្កេតការណ៍អាស៊ានបានមកដល់មន្ទីរពេទ្យនៅវេលាម៉ោង ០៧:៥៨នាទីព្រឹក ដើម្បីស៊ើបអង្កេតករណីដ៏សោកសៅនេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួនពីរលើកនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការបាញ់ប្រហារលើកទីមួយនៅវេលាម៉ោងប្រមាណ ១៥:៥០នាទីរសៀល និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច។

ឧប្បត្តិហេតុដ៏រន្ធត់នេះ បានបណ្ដាលឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម។ ការចុះពិនិត្យរបស់ក្រុម AOT នេះ គឺដើម្បីប្រមូលទិន្នន័យ និងវាយតម្លៃអំពីស្ថានភាពជាក់ស្ដែងនៃជនរងគ្រោះ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការស្វែងរកយុត្តិធម៌ និងដោះស្រាយបញ្ហានៅតាមបណ្ដោយព្រំដែន។





