អាស៊ាន​នឹង​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ករណី​ផ្ទុះ​មីន​នៅ​ព្រំដែន​ជម្លោះ​កម្ពុជា-ថៃ ដែល​បង្ក​ឲ្យ​ទាហាន​ថៃ​របួស

អាស៊ាន​នឹង​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ករណី​ផ្ទុះ​មីន​នៅ​ព្រំដែន​ជម្លោះ​កម្ពុជា-ថៃ ដែល​បង្ក​ឲ្យ​ទាហាន​ថៃ​របួស

ភ្នំពេញ៖ ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​ជម្លោះ​កម្ពុជា–ថៃ កំពុង​ឡើង​កម្ដៅ​សាជាថ្មី បន្ទាប់ពី​មាន​ករណី​ផ្ទុះ​គ្រាប់មីន​មួយ​បាន​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ។ ជុំវិញ​ឧបទ្ទវហេតុ​នេះ ប្រទេស​ថៃ​បាន​ប្រកាស​ថា ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​នឹង​ចុះ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​កើតហេតុ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍​នេះ​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក។

ក្រោយ​ការផ្ទុះ​មីន​នេះ ថៃ​បាន​ព្យួរ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ហើយ​បាន​ទាមទារ​ឲ្យ​កម្ពុជា​សុំទោស ដោយ​ចោទប្រកាន់​ថា កម្ពុជា​បាន​ដាក់​គ្រាប់មីន​ប្រភេទ PMN-2 ថ្មី​នៅ​តំបន់​ទល់មុខ​ខេត្តព្រះវិហារ​របស់​កម្ពុជា។ យ៉ាងណា កម្ពុជា​បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​នេះ និង​បាន​ទទូច​ឲ្យ​ភាគី​ថៃ​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ចុះហត្ថលេខា​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ចុងខែ​តុលា។ ក្រោម​កិច្ចព្រមព្រៀង​នោះ អាស៊ាន​បាន​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​យោធា ដើម្បី​តាមដាន​ភាគី​ទាំងពីរ និង​ជួយ​កាត់បន្ថយ​ភាព​តានតឹង។

ទាក់ទង​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Mohamad Hasan បាន​មានប្រសាសន៍​តាម​រយៈ​ទូរសព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ថៃ​ថា៖ «ក្តីសង្ឃឹម​របស់ខ្ញុំ​គឺ​ចង់​ឲ្យ​ភាគី​ទាំងពីរ​ស្ងប់ស្ងាត់ និង​បន្ត​កិច្ចចរចា​សន្តិភាព»។

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុម​អ្នកសង្កេតការណ៍​មួយ​ក្រុម​ទៀត ក៏​ត្រូវ​បាន​គ្រោង​នឹង​ចុះ​ទៅ​តំបន់​ជម្លោះ​ដែល​មាន​ការបាញ់ប្រហារ​ផ្ទុះឡើង​កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា​ផងដែរ។ ក្នុង​ហេតុការណ៍​នោះ យ៉ាងហោចណាស់​ជនជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​៣​នាក់​ផ្សេងទៀត​រងរបួស។

គួរ​រំលឹក​ផង​ដែរ​ថា ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​ទាំងពីរ​នេះ បាន​ឈាន​ដល់​ការប្រយុទ្ធ​គ្នា​រយៈពេល ៥​ថ្ងៃ​កាលពី​ខែកក្កដា ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤៨​នាក់​ស្លាប់ និង​បង្ខំ​ឲ្យ​មនុស្ស​ប្រហែល ៣០០ ០០០​នាក់​ភៀសខ្លួន មុនពេល​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​តាមរយៈ​កិច្ចចរចា​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim។

ករណី​ផ្ទុះ​គ្រាប់មីន​បាន​ក្លាយ​ជា​កត្តា​បង្ក​ដ៏​សំខាន់​មួយ​នៃ​ជម្លោះ​នាពេល​ថ្មីៗ​នេះ។ ចាប់តាំងពី​ថ្ងៃទី១៦ ខែកក្កដា មក ទាហាន​ថៃ​យ៉ាងហោចណាស់ ៧​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​គ្រាប់មីន​តាម​ព្រំដែន។ កម្ពុជា និង​ថៃ​ មាន​បញ្ហា​ព្រំដែន​ដីគោក​ប្រវែង ៨១៧​គីឡូម៉ែត្រ​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មកហើយ ដែល​ព្រំដែន​នេះ​ត្រូវ​បាន​គូស​ដំបូង​ដោយ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ១៩០៧ នៅពេល​ដែល​កម្ពុជា​ស្ថិត​នៅក្រោម​អាណានិគម។

administrator

Related Articles