ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរបស់លោកពុំទាន់ទទួលបានលិខិតផ្លូវការណាមួយ ដែលនិយាយអំពីការផ្អាកជើងហោះហើរពីប្រទេសថៃ មកកាន់កម្ពុជានៅឡើយទេ។
ការថ្លែងបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយព័ត៌មានយ៉ាងព្រោងព្រាត នៅលើបណ្ដាញសង្គម ដោយភ្ជាប់មកជាមួយនូវលិខិតជាភាសាថៃមួយ ដែលអះអាងថា ថៃបានសម្រេចផ្អាកជើងហោះហើរជាមួយកម្ពុជាទាំងស្រុង ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ទោះជាយ៉ាងណា លិខិតនោះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយទាំងស្រុង។ 
ថ្លែងប្រាប់បណ្ដាញព័ត៌មាន កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោករដ្ឋលេខាធិការ ស៊ីន ចាន់សិរីវុត្ថា បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជាពិតជាមិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរពីថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិលនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់អំពីរឿងនេះ។ ប្រសិនបើមានការប្រែប្រួលណាមួយកើតឡើង នឹងធ្វើការជូនដំណឹងជាសាធារណៈភ្លាមៗ។
លោកអ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា លិខិតដែលកំពុងចែកចាយលើបណ្ដាញសង្គមពិតជាលិខិតក្លែងក្លាយ ដោយសារមានកំហុសក្នុងការសរសេរឈ្មោះ ឆ្នាំមិនត្រឹមត្រូវ ពុំមានឈ្មោះអ្នកចុះហត្ថលេខាច្បាស់លាស់ និងសូម្បីតែអាសយដ្ឋានអ៉ីម៉ែលក៏សរសេរខុសផងដែរ។ 
