បណ្ដាញផ្សាយព័ត៌មាន BBC បានចេញសេចក្តីថ្លែងការណ៍សុំទោសជាផ្លូវការទៅកាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី BBC បានបញ្ជាក់ថា គ្មានមូលដ្ឋានច្បាប់ណាមួយសម្រាប់ការគំរាមកំហែងប្តឹងទាមទារសំណង ១ ពាន់លានដុល្លាររបស់លោក ត្រាំ ប្រឆាំងនឹងក្រុមហ៊ុនខ្លួនឡើយ ពាក់ព័ន្ធនឹងភាពយន្តឯកសារ «Panorama» កាលពីឆ្នាំ២០២៤ ដែលក្រុមមេធាវីរបស់លោក ត្រាំ អះអាងថាជាការបរិហារកេរ្តិ៍។
ភាពយន្តឯកសារនោះបានកាត់តសុន្ទរកថារបស់លោក ត្រាំ ចំនួន ៣ ផ្នែកផ្សេងគ្នា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្នុងលក្ខណៈដែលធ្វើឱ្យគេយល់ច្រឡំថា លោកកំពុងអំពាវនាវឱ្យមានអំពើហិង្សា មុនពេលមានព្រឹត្តិការណ៍បះបោរនៅវិមាន Capitol។
ក្រុមហ៊ុនផ្សាយព័ត៌មាន BBC របស់ចក្រភពអង់គ្លេស បានថ្លែងថា «ខណៈដែល BBC ពិតជាសោកស្តាយចំពោះរបៀបដែលវីដេអូឃ្លីបនោះត្រូវបានកាត់ត យើងខ្ញុំមិនយល់ស្របយ៉ាងដាច់អហង្ការថា មានមូលដ្ឋានសម្រាប់ការទាមទារបរិហារកេរ្តិ៍នោះទេ»។
កាលពីថ្ងៃអាទិត្យមុន ក្រុមមេធាវីរបស់លោក ត្រាំ បានព្រមានថា លោកនឹងប្តឹងទាមទារសំណងរហូតដល់ ១ ពាន់លានដុល្លារ ប្រសិនបើ BBC មិនដកភាពយន្តឯកសារនោះចេញ សុំទោស និងផ្តល់សំណងដល់លោកចំពោះការខូចខាតផ្នែកហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះដែលបានចោទប្រកាន់នោះ។
ទោះបីជា BBC ច្រានចោលការទាមទារផ្លូវច្បាប់នេះក៏ដោយ ក៏ក្រុមហ៊ុនបានបញ្ជាក់ថា លោក Samir Shah ជាប្រធានក្រុមប្រឹក្សាភិបាលបានផ្ញើលិខិតផ្ទាល់ខ្លួនទៅកាន់សេតវិមាន ដើម្បីសុំទោសចំពោះការកាត់តនោះ។ លោក Shah ក៏បានប្រាប់គណៈកម្មាធិការសភាចក្រភពអង់គ្លេសផងដែរថា ការកាត់តនេះគឺជា «កំហុសក្នុងការវិនិច្ឆ័យ»។
BBC បានបន្ថែមទៀតថា ខ្លួននឹងមិនផ្សាយឡើងវិញនូវភាពយន្តឯកសារនោះនៅលើវេទិកាណាមួយរបស់ខ្លួនឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផ្សាយព័ត៌មាននេះក៏បានចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់ថ្មីៗដែលត្រូវបានរាយការណ៍ដោយកាសែត The Telegraph ដែលបានលើកឡើងថា កម្មវិធីមួយទៀតឈ្មោះ Newsnight ក៏បានប្រើប្រាស់ការកាត់តស្រដៀងគ្នានេះនៃសុន្ទរកថារបស់លោក ត្រាំ ផងដែរ។
ភាពចម្រូងចម្រាសនេះបានបង្កឱ្យមានវិបត្តិដ៏ធំបំផុតមួយសម្រាប់ BBC ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ដោយនាំឱ្យមានការលាលែងពីតំណែងរបស់នាយកប្រតិបត្តិជាន់ខ្ពស់ពីររូប និងការចោទប្រកាន់ជាថ្មីអំពីភាពលម្អៀង។
BBC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២២ និងទទួលបានថវិកាភាគច្រើនតាមរយៈថ្លៃអាជ្ញាប័ណ្ណ បច្ចុប្បន្នកំពុងគ្មានមេដឹកនាំអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាជម្រើសផ្តល់មូលនិធិនៅពេលអនាគត។
