ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ក្រើនរំឭកជាថ្មីដល់សាធារណជន អំពីការកើនឡើងនូវសកម្មភាពបោកប្រាស់តាមបណ្តាញសង្គម។ ជនខិលខូចមួយចំនួនបានលួចប្រើប្រាស់ឈ្មោះ និមិត្តសញ្ញា និងសូម្បីតែរូបភាពថ្នាក់ដឹកនាំរបស់ធនាគារជាតិ ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយយ៉ាងទូលំទូលាយក្នុងគោលបំណងទុច្ចរិត លួចបោកយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ។
ក្រៅពីនេះ ក្រុមជនល្មើសក៏បានប្រើប្រាស់ល្បិចបោកបញ្ឆោតជាច្រើនទម្រង់ទៀត រួមមាន៖ ក្លែងបន្លំខ្លួនជាសាច់ញាតិជិតស្និទ្ធ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យផ្ទេរប្រាក់ជាបន្ទាន់។ ក្លែងខ្លួនជាបុគ្គលិកធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ផ្តល់ព័ត៌មានក្លែងក្លាយអំពីការឈ្នះរង្វាន់ធំ ឬឱកាសការងារល្អៗ ដោយទាមទារឱ្យជនរងគ្រោះផ្ញើប្រាក់កក់ទុកជាមុន។ មួយវិញទៀត ពួកគេក៏ប្រើវិធីបញ្ចុះបញ្ចូលឱ្យទិញគណនីធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួន ដោយសន្យាផ្តល់កម្រៃជើងសារខ្ពស់ផងដែរ។
ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការចាញ់បោក ឬធ្លាក់ចូលក្នុងអន្ទាក់ជនទុច្ចរិត ដែលអាចបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ដោយអចេតនា សាធារណជនទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាពិសេស ត្រូវចៀសវាងការចុចលើតំណភ្ជាប់គេហទំព័រ ឬវេទិកាវិនិយោគដែលមិនមានប្រភពច្បាស់លាស់។ លើសពីនេះ សូមកុំផ្ទេរប្រាក់ ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលក់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនទៅឱ្យបុគ្គលណាម្នាក់ដែលមិនស្គាល់ច្បាស់ឡើយ។ ក្នុងករណីសង្ស័យថាបានរងការបោកបញ្ឆោត ឬជួបប្រទះករណីបោកប្រាស់ណាមួយ សូមរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
