ព្រឺក្បាល! រឿងរ៉ាវដ៏សោកសៅបានកើតឡើងលើនារីវ័យក្មេងស្រស់សោភាម្នាក់អាយុត្រឹមតែ ២២ ឆ្នាំ ដែលបម្រើការងារជាបុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធ បានក្លាយជាជនរងគ្រោះដោយឃាតកម្មដ៏ឃោរឃៅ។ សពរបស់នាងត្រូវបានឃាតកសម្លាប់រួចយកទៅកប់ក្នុងដីយ៉ាងសាហាវ ដើម្បីបំបិទភស្តុតាង ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់ជនដៃដល់ដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។

ករណីឃាតកម្មដ៏រន្ធត់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញសពជនរងគ្រោះនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណថា ឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ ២២ ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ អង្ករគ្រួសារខ្មែរ មានទីលំនៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១៥:០០ នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានបាត់ដំណឹងសូន្យឈឹង ដោយឪពុកម្តាយបានព្យាយាមទូរស័ព្ទហៅជាច្រើនលើកក៏មិនចូល។ ដោយក្តីបារម្ភ ឪពុកម្តាយបាននាំគ្នាដើរស្វែងរកតាមភូមិ និងបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើង ដើម្បីសុំអន្តរាគមន៍ជួយរក។ លុះមកដល់ម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឪពុកជនរងគ្រោះបានទៅដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ ម៉ន សីហា ក៏ប្រទះឃើញស្នាមកាប់ដីដូចជាទើបកប់ថ្មីៗ។ ឃើញដូច្នោះ គាត់ក៏ប្រញាប់ទៅប្ដឹងនគរបាលប៉ុស្តិ៍ភ្លាមៗ ដើម្បីសុំជួយអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលជំនាញចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការជីករកមើល ក៏ប្រទះឃើញសពជនរងគ្រោះពិតប្រាកដមែន ធ្វើឱ្យមហាជន និងក្រុមគ្រួសារមានការតក់ស្លុតជាខ្លាំង។

ក្នុងប្រតិបត្តិការស្រាវជ្រាវ នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 1P 9873, ខ្សែកផ្លាទីនមួយខ្សែ, ខ្សែជើងផ្លាទីនចំនួនពីរខ្សែ និងទូរស័ព្ទដៃម៉ាក iPhone 11 Pro Max មួយគ្រឿង លេខ 096 3968464។ បច្ចុប្បន្ននេះ កម្លាំងនគរបាលជំនាញកំពុងបន្តសហការគ្នាយ៉ាងសកម្ម ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឃាតកដ៏សាហាវរូបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ កុំឱ្យរួចខ្លួនជាដាច់ខាត។
