ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈដ៏ផុសផុលមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋបាននាំគ្នាមកចូលរួមយ៉ាងច្រើនកុះករ ដើម្បីលើកឡើងពីក្តីកង្វល់នានា។ ក្នុងចំណោមសំណូមពរជាច្រើន មានពលរដ្ឋពីររូបបានប្ដឹងផ្ទាល់មាត់ពីបញ្ហាសំខាន់ៗចំនួនពីរ។

ពលរដ្ឋម្នាក់បានស្នើដល់អាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយបញ្ហាសំឡេងរំខានខ្លាំងៗពីការចាក់ធុងបាស់របស់អាជីវករលក់ភេសជ្ជៈនៅពេលរាត្រី ដែលបង្កការរំខានដំណេកដល់ពលរដ្ឋរហូតដល់ពាក់កណ្ដាលអាធ្រាត្រ។ ចំណែកឯពលរដ្ឋម្នាក់ទៀត បានសំណូមពរដល់អាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែនៅក្នុងសង្កាត់ព្រែកតាសេក ដែលមានសភាពខូចខាត។
វេទិកាសាធារណៈនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ វត្តមានរបស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះកង្វល់របស់ប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត បានឆ្លើយតបភ្លាមៗ ចំពោះសំណូមពរទាំងពីរ។ ពាក់ព័ន្ធនឹងបញ្ហាសំឡេងរំខាន លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យចុះទៅអប់រំ និងទប់ស្កាត់ជាបន្ទាន់នូវការបង្កសំឡេងរំខានបែបនេះ។ លោកក៏បានសង្កត់ធ្ងន់ថា អាជីវករទាំងអស់ត្រូវប្រកបរបរដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ចំណែកឯអាជ្ញាធរក៏ត្រូវចុះអប់រំក្នុងនាមជាអាណាព្យាបាល ដោយមិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវករឡើយ។

សម្រាប់សំណើរសុំជួសជុលផ្លូវមួយខ្សែក្នុងសង្កាត់ព្រែកតាសេក លោក ឃ្លាំង ហួត បានបញ្ជាក់ថា ផ្លូវនោះស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយលោកសន្យានឹងជំរុញដល់ក្រុមហ៊ុននោះ ឱ្យចាត់វិធានការជួសជុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោក ឃ្លាំង ហួត បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណ្ឌជ្រោយចង្វារបានប្រែក្លាយពីតំបន់បឹងទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយដែលមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងបណ្ដាញផ្លូវខ្វាត់ខ្វែង។

ជាការលើកឡើង លោក ជួប ខុន ក៏បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ នឹងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងការត្រួតពិនិត្យលើការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់។
សូមបញ្ជាក់ថា៖ វេទិកាសាធារណៈនេះ បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលរដ្ឋបាលរាជធានីភ្នំពេញនឹងយកទៅពិចារណា និងធ្វើការកែលម្អ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមសេចក្តីត្រូវការ៕

