កម្ពុជា-សិង្ហបុរី បើកទំព័រថ្មី! ដំណើរការទូទាត់ឆ្លងដែនតាម QR Code លើកស្ទួយវិស័យហិរញ្ញវត្ថុឌីជីថល

កម្ពុជា-សិង្ហបុរី បើកទំព័រថ្មី! ដំណើរការទូទាត់ឆ្លងដែនតាម QR Code លើកស្ទួយវិស័យហិរញ្ញវត្ថុឌីជីថល

ភ្នំពេញ​៖ ប្រទេសកម្ពុជា និងសិង្ហបុរី បានបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវការតភ្ជាប់ការទូទាត់ប្រាក់តាមរយៈ QR Code ឆ្លងដែនរវាង RoamQR របស់ក្រុមហ៊ុន Liquid Group និងប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) របស់កម្ពុជា។
Cambodia Singapore QR Payment
ពិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរីឆ្នាំ២០២៥ (Singapore Fintech Festival 2025) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sopnendu Mohanty នាយកប្រតិបត្តិក្រុមហ៊ុននៃបណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (GFTN)។ ក្នុងនោះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Liquid Group ធនាគារអេស៊ីលីដា និងធនាគារហ្វីលីព (Phillip) ផងដែរ។

ដំណាក់កាលទី១ នៃការតភ្ជាប់ការទូទាត់ឆ្លងដែនដោយប្រើប្រាស់ QR Code នេះ ត្រូវបានគាំទ្រដោយធនាគារពីរគឺ ធនាគារអេស៊ីលីដា (ACLEDA) និងធនាគារហ្វីលីព (Phillip) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកធ្វើដំណើរពីកម្ពុជា អាចធ្វើការទូទាត់ដោយគ្រាន់តែស្កេន QR Code របស់អាជីវករសិង្ហបុរី តាមរយៈកម្មវិធីទូរសព្ទបាគង ដែលភ្ជាប់ជាមួយគណនីប្រាក់រៀលខ្មែរ។
QR Payment Launch Event
នៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត ការសហការដ៏សំខាន់នេះ ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកធ្វើដំណើរសិង្ហបុរី អាចស្កេន KHQR នៅកម្ពុជា ដោយទូទាត់ផ្ទាល់ពីកម្មវិធីទូទាត់ប្រាក់របស់សិង្ហបុរី ដែលពួកគេពេញចិត្ត។ នេះនឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីទូទាត់ឌីជីថលទ្វេភាគី ដោយមានភាពរួមបញ្ចូល និងអាចធ្វើអន្តរកម្មបានកាន់តែប្រសើរឡើង។

តាមរយៈការពង្រីកបណ្តាញឌីជីថលដែលមានសុវត្ថិភាពខ្ពស់ដូចជាបាគង ធនាគារជាតិនៃកម្ពុជាកំពុងពង្រឹងទំនុកចិត្តសាធារណៈលើការទូទាត់ឌីជីថល និងលើកកម្ពស់តម្លាភាព ព្រមទាំងភាពរួមបញ្ចូលកាន់តែច្រើននៅទូទាំងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយរវាងប្រទេសយើង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ចលនានេះ បង្កើតឡើងដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់របស់ប្រទេសកម្ពុជាក្នុងការច្នៃប្រឌិតការទូទាត់ឌីជីថល បន្ទាប់ពីការតភ្ជាប់ QR Code ឆ្លងកាត់ព្រំដែនដ៏ជោគជ័យរបស់យើងជាមួយប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន និងជប៉ុន។ ឥឡូវនេះ យើងកំពុងពង្រីកការតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសេដ្ឋកិច្ចរបស់យើង។ យើងកំពុងរួមគ្នាឈានមួយជំហានដ៏សំខាន់ឆ្ពោះទៅរកការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលកាន់តែទូលំទូលាយនៅទូទាំងអាស៊ាន និងលើសពីនេះ»។

លោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ក៏បានលើកឡើងថា៖ «ការសហការជាមួយធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធបាគង ឆ្លុះបញ្ចាំងពីគោលដៅរួមរបស់យើងក្នុងការពង្រីកវិសាលភាពរបស់ RoamQR ស្របពេលដែលអាចឱ្យមានអន្តរប្រតិបត្តិការទូទាត់ឆ្លងព្រំដែនប្រកបដោយសុវត្ថិភាព»៕ ដោយ​៖ តារា

administrator

Related Articles