រន្ធត់ចិត្ត! រកឃើញគ្រោងឆ្អឹងក្មេងប្រុសរងគ្រោះទឹកជំនន់នៅអូរជុំ ខណៈ៣នាក់ទៀតបន្តបាត់ខ្លួន

រន្ធត់ចិត្ត! រកឃើញគ្រោងឆ្អឹងក្មេងប្រុសរងគ្រោះទឹកជំនន់នៅអូរជុំ ខណៈ៣នាក់ទៀតបន្តបាត់ខ្លួន

ខេត្តរតនគិរី ៖ ដំណឹងដ៏សោកសង្រេងមួយបានកើតឡើងជាថ្មីទៀត! គ្រោងឆ្អឹងសាកសពក្មេងប្រុសម្នាក់ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅនៅស្រុកអូរជុំ ឥឡូវនេះត្រូវបានរកឃើញហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តរតនគិរី ដែលបានបញ្ជាក់ថា នេះជាសាកសពទីពីរហើយដែលត្រូវបានរកឃើញក្នុងចំណោមអ្នកបាត់ខ្លួន។

ក្រុមការងារសង្គ្រោះ និងប្រជាពលរដ្ឋសរុបចំនួន៧៦នាក់ នៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះទាំង៤នាក់ ដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀងហូរកួចយកទៅបាត់ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។ រហូតមកទល់នឹងពេលនេះ គឺបានរកឃើញសាកសពជាបន្តបន្ទាប់។

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលបានរកឃើញគ្រោងឆ្អឹងសង្ស័យថាជាសាកសពរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដ៏មហន្តរាយ។ គ្រោះធម្មជាតិនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យប្រជាពលរដ្ឋ២គ្រួសារ សរុប៥នាក់ (ប្រុស៣នាក់ និងស្រី២នាក់) បានបាត់ខ្លួន។ ក្នុងនោះ មានសាកសពម្នាក់ (អាយុ៥៨ឆ្នាំ) ត្រូវបានរកឃើញកាលពីមុន ហើយពេលនេះទើបរករកឃើញមួយនាក់ទៀត ដែលមន្ត្រីជំនាញ និងបងប្អូនសាច់ញាតិបានអះអាងថាជាសាកសពរបស់ក្មេងប្រុសដែលបាត់ខ្លួនពិតប្រាកដមែន ក្នុងចំណោមមនុស្ស៤នាក់ដែលកំពុងបាត់ខ្លួន។

លោក គៀង តុលា បានបញ្ជាក់បន្ថែមថា សាកសពដែលទើបររកឃើញនេះមានឈ្មោះ ភ័ក្រ មុន ភេទប្រុស អាយុ៧ឆ្នាំ ជាជនជាតិទំពួន មានទីលំនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ សាកសពត្រូវបានប្រគល់ជូនទៅលោក ធី អាន អាយុ៤៦ឆ្នាំ ដែលជាសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ លោកក៏បានបន្តថា ទីតាំងដែលរកឃើញគ្រោងឆ្អឹងសាកសពនេះគឺនៅត្រង់ចំណុចអូរចិល ឆ្ងាយពីទីតាំងកើតហេតុប្រហែល៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកាំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

ទោះបីជាបានរកឃើញសាកសពបន្តបន្ទាប់ក្តី ក៏សាកសព៣នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយ។ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋនៅតែបន្តប្រតិបត្តិការរុករកជនរងគ្រោះបន្តទៀត ដោយសង្ឃឹមថាការស្រកចុះនៃកម្រិតទឹកនៅតាមអូរមួយចំនួននឹងធ្វើឲ្យការស្វែងរកកាន់តែមានភាពងាយស្រួល៕

administrator

Related Articles