កម្ពុជា-អារ៉ាប៊ីសាអូឌីត ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ បង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

កម្ពុជា-អារ៉ាប៊ីសាអូឌីត ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ បង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្តេជ្ញាចិត្តរួមគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនលំហូរភ្ញៀវទេសចរទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារកម្រិតខ្ពស់ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្ត្រីក្រសួងទេសចរណ៍អារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះ នៅរាជធានីរីយ៉ាដ។ ជំនួបដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly)។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត។ វិធានការសំខាន់ៗដែលបានលើកឡើងរួមមាន៖ ការពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជាក្របខ័ណ្ឌផ្លូវការ, ការរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាដើម្បីជំរុញទេសចរណ៍, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរ, និងការរៀបចំកម្មវិធីទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់ភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានជាដើម។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Ahmed Al-Khateeb ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងឧត្តុង្គឧត្តមដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីកម្ពុជា ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រជាជនអារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិប្រកបដោយភាពរលូន និងជោគជ័យ។

ជាចុងក្រោយ ក្នុងជំនួបប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ក៏បានឆ្លៀតអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍អារ៉ាប៊ីសាអូឌីត មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ។

administrator

Related Articles