ប្រទេសចិន៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះបំផ្លាញផ្នែកខ្លះនៃប្រាសាទបុរាណយង់ឈីង (Yongqing Temple) ដែលមានអាយុកាលរហូតទៅដល់ ១,៥០០ឆ្នាំ ស្ថិតក្នុងខេត្ត Jiangsu ភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។

យ៉ាងណាក្តី ភ្លើងមិនបានបំផ្លាញប្រាសាទទាំងមូលនោះទេ ដោយអគារដែលរងការខូចខាតខ្លាំងជាងគេគឺ អគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់៣ជាន់ នៅក្នុងបរិវេណប្រាសាទ។ របាយការណ៍បឋមបានបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់រកឃើញពីមូលហេតុច្បាស់លាស់ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការយ៉ាងសកម្ម។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់នេះ មិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
