មោទកភាពជាតិ! លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលនិស្សិតអាហារូបករណ៍ ២៨រូប ត្រៀមឆ្ពោះទៅអូស្ត្រាលី

មោទកភាពជាតិ! លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលនិស្សិតអាហារូបករណ៍ ២៨រូប ត្រៀមឆ្ពោះទៅអូស្ត្រាលី

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានបានចុះផ្សាយថា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ២៨រូប ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ វត្តមានរបស់លោកជំទាវ បាននាំមកនូវកម្លាំងចិត្ត និងអនុសាសន៍ល្អៗសម្រាប់យុវជនឆ្នើមទាំងនេះ។

ជំនួបដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងកិច្ចការនារី។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ទាំង ២៨រូប ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏មានតម្លៃ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំងចំពោះនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដែលជាអាហារូបករណ៍ដ៏មានការប្រកួតប្រជែងខ្ពស់មួយ។ មិនតែប៉ុណ្ណោះ លោកជំទាវក៏បានវាយតម្លៃខ្ពស់លើមុខជំនាញដែលនិស្សិតទាំងអស់បានជ្រើសរើស សុទ្ធតែជាមុខជំនាញដែលមានសក្ដានុពល និងតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសដ៏សំខាន់នេះ លោកជំទាវកិត្តិបណ្ឌិតក៏បានលើកទឹកចិត្តយ៉ាងទទូចឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យបានពេញលេញ ដើម្បីត្រឡប់មកវិញរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមាតុភូមិ។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ឱ្យរក្សាទំនាក់ទំនង និងសាមគ្គីភាពល្អក្នុងអំឡុងពេលបំពេញការសិក្សា ក៏ដូចជាបំពេញតួនាទីជាអ្នកការទូតតំណាងប្រទេសលើឆាកអន្តរជាតិ។ លោកជំទាវបានសង្កត់ធ្ងន់ថា និស្សិតទាំងអស់គួរបង្ហាញ និងផ្សព្វផ្សាយនូវសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ផូរផង់របស់កម្ពុជាទៅកាន់មិត្តបរទេស ដើម្បីលើកកម្ពស់កិត្តិយសជាតិ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles