ខេត្តកណ្តាល៖ អធិការនគរបាលស្រុកស្អាង លោករស់ ចន្ថា បានថ្លែងបញ្ជាក់នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបករណីចោរលួចម៉ូតូពីស្រុកស្អាង រហូតតាមចាប់បានដល់រាជធានីភ្នំពេញ។
ហេតុការណ៍លួចម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបរិវេណផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផល ម៉េងសុីវ អាយុ ៣៨ ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ បានបាត់បង់ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង។
ក្រោយបាត់បង់ម៉ូតូ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាង។ ដោយសារម៉ូតូទិញបង់រំលស់ និងមានភ្ជាប់ប្រព័ន្ធ GPS សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមហ៊ុនលក់ម៉ូតូ ដើម្បីឆែកទីតាំង ហើយក៏ប្រទះឃើញសញ្ញានៅម្ដុំចំណុចចតុមុខ រាជធានីភ្នំពេញ។
ភ្លាមៗនោះ លោករស់ ចន្ថា បានបញ្ជាកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានចុះទៅដល់ទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាន គីមហុង ភេទប្រុស អាយុ ១៧ ឆ្នាំ មានសារធាតុញៀន (វិជ្ជមាន) ព្រមទាំងរឹបអូសយកម៉ូតូដែលលួចបានមកវិញ។ ម៉ូតូនេះត្រូវបានប្រគល់ជូនម្ចាស់ដើមវិញភ្លាមៗ ធ្វើឲ្យជនរងគ្រោះសប្បាយចិត្តជាខ្លាំង។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មាន គីមហុង បានឆ្លើយសារភាពថា រូបគេនិងបក្សពួកម្នាក់ទៀតឈ្មោះ ថៃ រ៉ាយុទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូនេះពិតប្រាកដមែន។ បច្ចុប្បន្ន ឈ្មោះ មាន គីមហុង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យឈ្មោះ ថៃ រ៉ាយុទ្ធ កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
