ចិនព្រមានកក្រើក! បើជប៉ុនប៉ះតៃវ៉ាន់ នឹងមានវិធានការខ្លាំងក្លាបំផុត

ចិនព្រមានកក្រើក! បើជប៉ុនប៉ះតៃវ៉ាន់ នឹងមានវិធានការខ្លាំងក្លាបំផុត

កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ប្រទេសចិនបានចេញសារព្រមានដ៏កក្រើកមួយថា រាល់ការលូកលាន់ផ្នែកយោធារបស់ជប៉ុនក្នុងជម្លោះតៃវ៉ាន់ នឹងត្រូវចាត់ទុកជា «ទង្វើឈ្លានពាន»។ ការព្រមាននេះធ្វើឡើងក្រោយការលើកឡើងដ៏រសើបរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបង្កឲ្យមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើង។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ប៉េកាំងនឹង «វាយបកយ៉ាងខ្លាំងក្លា» ប្រសិនបើជប៉ុនហ៊ានប្រើប្រាស់កម្លាំងយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់។ លោកបានសង្កត់ធ្ងន់ថា ចិននឹងការពារអធិបតេយ្យភាពរបស់ខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ការព្រមានដ៏មុតស្រួចនេះបានកើតឡើង បន្ទាប់ពីលោកស្រី Takaichi បានថ្លែងទៅកាន់សភាជប៉ុនកាលពីសប្តាហ៍មុនថា ជម្លោះលើតៃវ៉ាន់អាចបង្កជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន។ យោងតាមច្បាប់សន្តិសុខឆ្នាំ២០១៥ របស់ជប៉ុន ស្ថានការណ៍បែបនេះអាចអនុញ្ញាតឱ្យប្រទេសនេះដាក់ពង្រាយកងកម្លាំងស្វ័យការពាររបស់ខ្លួន ដើម្បីជួយសម្ព័ន្ធមិត្តដែលកំពុងរងការវាយប្រហារ។

លោក Lin Jian

ទោះជាយ៉ាងណា លោកស្រី Takaichi ក្រោយមកបានបញ្ជាក់ថា មតិរបស់លោកស្រីគ្រាន់តែជា «ការឧបមា» ប៉ុណ្ណោះ។

លោក Lin បានសង្កត់ធ្ងន់ថា ចិន «ប្រឆាំងយ៉ាងដាច់អហង្ការ» ចំពោះសម្ដីទាំងនោះ ហើយទាមទារឱ្យទីក្រុងតូក្យូដកវាវិញ។ លោកបានចោទប្រកាន់ជប៉ុនថា បានប្រើប្រាស់តក្កវិជ្ជាដដែលៗ ដែលខ្លួនធ្លាប់ប្រើដើម្បីបង្ហាញភាពត្រឹមត្រូវនៃការឈ្លានពានក្នុងសម័យសង្រ្គាម។ លោកបានចោទសួរថា តើលោកស្រី Takaichi មានបំណង «ធ្វើដដែលវិញនូវមាគ៌ាយោធានិយមនៃអតីតកាល» ឬ «បង្កើតសត្រូវជាមួយប្រជាជនចិនម្តងទៀត»?

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃទឹកដីរបស់ខ្លួន ហើយមិនដែលបដិសេធក្នុងការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់នោះឡើយ។ ខណៈដែលប្រទេសភាគច្រើន រួមទាំងជប៉ុន និងសហរដ្ឋអាមេរិក មិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋអធិបតេយ្យ ទីក្រុងវ៉ាស៊ីនតោននៅតែប្រឆាំងនឹងរាល់ការប៉ុនប៉ងដណ្តើមយកកោះនេះដោយបង្ខំ ហើយបានបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ។

ឆ្នាំនេះគឺជាខួបលើកទី៨០នៃជ័យជម្នះរបស់ចិនលើជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ហើយទីក្រុងប៉េកាំងតែងតែងរំលឹកពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃសម័យសង្រ្គាមនេះ នៅពេលរិះគន់គោលនយោបាយសន្តិសុខរបស់ជប៉ុន។

លោក Lin បានសន្និដ្ឋានថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយបានព្រមានជប៉ុនមិនឱ្យ «លេងជាមួយភ្លើង»។ លោកបានសង្កត់ធ្ងន់ថា រាល់ការជ្រៀតជ្រែកពីបរទេសណាមួយ នឹងធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុន ដែលកំពុងតែតានតឹងស្រាប់ កាន់តែអាក្រក់ទៅៗ។

administrator

Related Articles