ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យជនភៀសសឹកនៅបន្ទាយមានជ័យ ក្រោយហេតុការណ៍បាញ់ប្រហារដ៏រន្ធត់

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យជនភៀសសឹកនៅបន្ទាយមានជ័យ ក្រោយហេតុការណ៍បាញ់ប្រហារដ៏រន្ធត់

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១២:១២ នាទីថ្ងៃត្រង់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យដោយផ្ទាល់ពីស្ថានភាពជនភៀសសឹក នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទីតាំងនេះជាជម្រកសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភូមិព្រៃចាន់ ដែលបានភៀសខ្លួនក្រោយហេតុការណ៍បាញ់ប្រហារដ៏សាហាវពីសំណាក់យោធាថៃមកលើពលរដ្ឋស៊ីវិលខ្មែរដោយគ្មានមូលហេតុ កាលពីម្សិលមិញ។

ដំណើរទស្សនកិច្ចរបស់ AOT នេះ មានគោលបំណងសាកសួរសុខទុក្ខ និងពិនិត្យមើលលក្ខខណ្ឌនៃការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសខ្លួន។

គួររំលឹកផងដែរថា កាលពីព្រឹកមិញនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏បានអញ្ជើញទៅកាន់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពជនរងគ្រោះស៊ីវិលកម្ពុជា ដែលរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ។ លើសពីនេះ ក្រុមការងារក៏បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីធ្វើការសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានលម្អិត សម្រាប់រាយការណ៍អំពីហេតុការណ៍ដែលយោធាថៃបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ រហូតបណ្តាលឱ្យជនស៊ីវិលកម្ពុជា ៣រូបរងរបួសធ្ងន់ស្រាល និងម្នាក់ទៀតបានបាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអយុត្តិធម៌។

administrator

Related Articles