«ភ្នំពេញ»៖ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់ដែលទាហានថៃបានបើកការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរម្នាក់បណ្តាលឱ្យស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅភូមិព្រៃចាន់ ព្រំដែនកម្ពុជា-ថៃ បណ្ដាញសារព័ត៌មានធំៗលំដាប់ពិភពលោកជាច្រើនបាននាំគ្នាធ្វើការផ្សាយព្រោងព្រាតយ៉ាងផុលផុសអំពីទង្វើដ៏ព្រៃផ្សៃរបស់ទាហានប្រទេសជិតខាងមួយនេះ។

សារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានចុះផ្សាយដោយដាក់ចំណងជើងធំៗថា៖ «ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក្តៅគគុកឡើងវិញ ខណៈមានរបាយការណ៍ថា ពលរដ្ឋខ្មែរម្នាក់ត្រូវបានសម្លាប់»។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានបញ្ជាក់ដែរថា ពលរដ្ឋម្នាក់ត្រូវបានសម្លាប់ នៅពេលមានការបាញ់ប្រហារកើតឡើងកាលពីថ្ងៃពុធ នៅតាមបណ្តោយព្រំដែនដ៏ផុយស្រួយជាមួយប្រទេសថៃ ខណៈបទឈប់បាញ់ដែលសម្របសម្រួលដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំសាយបាត់ទៅហើយ។

ចំណែកឯសារព័ត៌មាន Reuters របស់ចក្រភពអង់គ្លេសក៏បានរាយការណ៍ដែរថា៖ «មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ជម្លោះជាមួយប្រទេសថៃផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធ»។
ដោយឡែក សារព័ត៌មាន Anadolu របស់ប្រទេសតួកគីក៏បានធ្វើការផ្សាយផងដែរថា ជនស៊ីវិលកម្ពុជាចំនួន ៥ នាក់ បានរងរបួសកាលពីថ្ងៃពុធ ដោយសារការបាញ់ប្រហារនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីថៃបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាព។

តាមការដកស្រង់សម្តីពីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដោយសារព័ត៌មានចិន Xinhua បានឱ្យដឹងថា ទាហានថៃបានបើកការបាញ់ប្រហារទៅលើពលរដ្ឋកម្ពុជា នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្ត បណ្តាលឱ្យមនុស្សសរុបប្រាំនាក់រងរបួស។
ការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើពិភពលោកបែបនេះ កំពុងតែបង្ហាញយ៉ាងច្បាស់អំពីអំពើព្រៃផ្សៃ និងគ្មានមនុស្សធម៌របស់កងទ័ពថៃទៅលើពលរដ្ឋខ្មែរ ហើយក៏ជាក្តីសង្ឃឹមផងដែរថាកម្ពុជានឹងទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះ។
អត្ថបទ៖ សុខ សុវណ្ណ
